ខេត្តកណ្តាល៖ កូដកម្មបានអូសបន្លាយពេល ជិត១០ថ្ងៃកន្លងមក នៅក្នុងរោងចក្រកាត់ដេសម្លៀកបំពាក់យីហោ ស៊ិចចផ្លាស់អ៊ីនដាសស្រី្ទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦អា ក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបង្កឡើងដោយបុគ្គលិករដ្ឋបាលរោងចក្រប្រកាន់បក្ខពួកធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ចឈឺក្បាលមិនតិច។ ដោយបុគ្គលិក និងប្រធានរដ្ឋបាលខាងលើមិនគោរព លក្ខខណ្ឌការងាររោងចក្រ ហើយមិនតែប៉ុណ្ណោះ លោកប្រធានរដ្ឋបាលដែលគេស្គាល់ថាឈ្មោះ សុផានិត ហៅ ស៊ែម និងប្អូនថ្លៃឈ្មោះ គង់ ទាំង ពីរនាក់នេះ បានបង្កបញ្ហាការងារធ្វើឲ្យច្របូកច្របល់ពេញរោងចក្រដោយការប្រកាន់បក្ខពួក ។ បើតាមការឲ្យដឹងពីកម្មការិនីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកយកពត៌មាននគរវត្តដឹងថា ប្រធានរដ្ឋបាលឈ្មោះ សុផានិត ហៅ ស៊ែម ក្រោយពីថៅកែជនជាតិចិន មិនមានវត្តមាននៅក្នុងរោងចក្របានប្រគល់តួនាទីឲ្យប្រធានរដ្ឋបាលឈ្មោះស៊ែម នេះ និង ប្អូនថ្លៃឈ្មោះគង់ ជាជំនួយការរដ្ឋបាល ឲ្យគ្រប់គ្រងរោងចក្រ ដូច្នេះឥទ្ធិពលអ្នកទាំងពីរធ្វើអ្វីៗស្រេចតែអំពើចិត្ត រហូតកឹបកេងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៏ផ្សេងៗរបស់កម្មករ។ មិនតែប៉ុណ្ណោះ មេរដ្ឋបាលខាងលើនេះបានសម្រេចកិច្ចការអ្វីៗនៅក្នុងរោងចក្រស្រេចតែអំពើចិត្ត ជាក់ស្តែងរដ្ឋបាលខាងលើបានសម្រេចដកហូតបុគ្គលិកនៅក្នុងរោងចក្រ ឈ្មោះ អឿង ពិសិដ្ឋ ដែលជាមេកន្រៃ្ត ដកចេញគ្មានមូលហេតុច្បាស់លាស់ ទង្វើបែបនេះធ្វើឲ្យកម្មករ កម្មការិនីមានការក្តៅក្រហាយយ៉ាងខ្លាំង។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ប្រធានរដ្ឋបាលឈ្មោះស៊ែម បានគំរាមមកលើកម្មករដែលកំពុងធ្វើកូដកម្មឲ្យតៃកុងបើករថយន្តបំបុកកម្មករ ហើយសងលុយបង់លុយរឿងរ៉ាវយ៉ាងណាគាត់ទទួលខុសត្រូវ។ ទង្វើបែបនេះ មេរដ្ឋបាលរូបនេះ និយាយហាក់ដូចជាប្រទេសគ្មាន ច្បាប់អញ្ចឹង។ តែទោះជាយ៉ាងណា នៅរសៀលថ្ងៃទី១៤ ខែកក្កដា គេឃើញមានវត្តមានតំណាងរាស្ត្រខេត្តកណ្តាល គឺលោក ជំទាវ ឡោកខេង និងលោកជំទាវ កែវ សុវណ្ណរដ្ឋ បានចូលទៅជួបមេរដ្ឋបាលរូបនោះ តែមេរដ្ឋបាលខាងលើពុំហ៊ានដោះស្រាយទេ គឺចាំថៅកែវិលត្រឡប់មកពីប្រទេសចិនវិញសិន។ ជុំវិញករណីកម្មករធ្វើកូដកម្មនៅរោងចក្រខាងលើ អ្នកយកពត៌មាននគរវត្តសុំការបំភ្លឺពីប្រធានរដ្ឋបាលខាងលើ តែទូរសព្ទចូលហើយគាត់ឆ្លើយថាជាប់រវល់ប្រជុំ៕ ឡូ សំអាត
ថៅកែធំមិននៅ បុគ្គលិករដ្ឋបាលរោងចក្របានដៃ បង្កបក្ខពួកជម្លោះពេញរោងចក្រ
...