អន្តរជាតិ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់ថវិកាចំណាយយោធាដែលមានទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ។ ហើយនេះជាការកើនឡើងខ្ទង់ចំណាយ៩ឆ្នាំជាប់គ្នា។ ចំពោះថវិកាការពារជាតិរបស់ជប៉ុនមួយផ្នែក នឹងត្រូវចំណាយលើការផលិតយន្តហោះចម្បាំង F-35B ដ៏ទំនើប និងមីស៊ីលប្រឆាំងនាវាដែលមានរយៈចំងាយឆ្ងាយ។
ក្រោយគណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់ថវិកានេះ ក្រសួងការពារជាតិជប៉ុន នឹងទទួលបានទឹកប្រាក់៥២ពាន់លានដុល្លារ ចាប់ពីខែមេសាឆ្នាំ២០២១ ខណៈថវិកាចំណាយយោធាសម្រាប់ឆ្នាំ២០២១នេះ គឺមានទំហំ១,១ភាគរយច្រើនជាងក្នុងឆ្នាំ២០២០។ ដោយសារបក្សរបស់លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ មានសំឡេងភាគច្រើនក្នុងសភា កញ្ចប់ថវិកានេះនឹងទទួលបានការអនុម័តជាក់ជាពុំខាន។
លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា បន្ទាប់ពីឡើងកាន់តំណែងបន្តពីលោក អាបេ ស៊ិនហ្សូ នៅតែបន្តគោលនយោបាយពង្រីកកងទ័ពជប៉ុន។ ការចំណាយនេះ នឹងនាំឲ្យកងទ័ពស្វ័យការពារជប៉ុនមានយន្តហោះច្បាំងថ្មី មីស៊ីល និងនាវាផ្ទុកយន្តហោះដែលមានរយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពជាងមុន ខណៈការពង្រីកកងទ័ព និងបង្កើនការចំណាយយោធានៅតែជារឿងចម្រូងចម្រាសនៅជប៉ុន ដោយសារធម្មនុញ្ញសន្តិភាពនិយម។
សូមជម្រាបថា ជាមួយកញ្ចប់ថវិកានេះ ជប៉ុននឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចកម្ទេចគោលដៅឆ្ងាយរាប់ទាំងទីតាំងនៅចិនកូរ៉េខាងជើង និងផ្នែកខ្លះនៃទ្វីបអាស៊ី។ ដោយទឹកប្រាក់ចំនួន៧០៦លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍ និងផលិតយន្តហោះចម្បាំង F-35B ។ ជាក់ស្តែងគម្រោងនេះ ធ្វើឡើងដោយក្រុមហ៊ុន Mitsubishi ដោយមានជំនួយបច្ចេកទេសពីក្រុមហ៊ុនអាមេរិក Lockheed Martin ដែលជាម្ចាស់យន្តហោះនេះ។ គម្រោងអភិវឌ្ឍ និងផលិតយន្តហោះចម្បាំងដែលនឹងបញ្ចប់នៅឆ្នាំ២០៣០ មានតម្លៃសរុប៤០ពាន់លានដុល្លារ។
ដោយឡែកចំពោះទឹកប្រាក់ចំនួន៣២៣លានដុល្លារទៀត នឹងត្រូវចំណាយលើការចាប់ផ្តើមអភិវឌ្ឍមីស៊ីលប្រឆាំងនាវាដែលមានរយៈចម្ងាយឆ្ងាយ ដើម្បីការពារប្រជុំកោះអូគីណាវ៉ា ភាគនិរតីរបស់ជប៉ុន។ ចំណែកទឹកប្រាក់ចំនួន៦២៨លានដុល្លារ នឹងត្រូវចំណាយក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន៦ ដែលក្នុងនោះមាន F35-B ចំនួនពីរគ្រឿងសម្រាប់ប្រើប្រាស់លើនាវាផ្ទុកឧទ្ធម្ភាគចក្រ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន គ្រោងនឹងចំណាយប្រាក់៩១២លានដុល្លារ ទៅលើកងទ័ពជើងទឹក ដើម្បីសាងសង់នាវាចម្បាំងចំនួន២ ដែលអាចប្រតិបត្តិការដោយប្រើប្រាស់នាវិកក្នុងចំនួនតិច សំដៅជួយសម្រាលបន្ទុកក្នុងការស្វែងរកនាវិកជំនាន់ថ្មី ក៏ដូចជាជួយដល់នាវិកចាស់ៗផងដែរ។ ជប៉ុន ក៏ចង់បំពាក់ប្រព័ន្ធការពារ Aegis និងរ៉ាដាកាពារមីស៊ីលផ្លោង ដែលមានសមត្ថភាព៣ដង លើសពីអ្វីដែលខ្លួនមាននាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី រដ្ឋាភិបាលមិនទាន់បានប៉ាន់ស្មានតម្លៃនៃការតម្លើងឧបករណ៍ថ្មីនេះនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបារម្ភពីសកម្មភាពរបស់ចិន ដែលបើកនាវាចូលដែនទឹកជម្លោះនៅក្នុងសមុទ្រចិនភាគខាងកើត។ ចិន និងជប៉ុនមានជម្លោះដណ្តើមកម្មសិទ្ធិប្រជុំកោះតទាវយូ (Diaoyu) ជាភាសាចិន និង ស៊ិនកាគូ(Senkaku) ជាភាសាជប៉ុន ក្នុងសមុទ្រចិនភាគខាងកើត៕ដោយ៖ស តារា