តៃវ៉ាន់ កាន់តែបង្ហាញឥទ្ធិពលខ្លួន ខណៈនាវា​ចិន​ បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ខ្លួនបានបញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​​ឃ្លាំមើល​សកម្មភាព​​ភ្លាម

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​នាវា​ចិន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែនៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលតៃវ៉ាន់ បាន​បញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​របស់ខ្លួន​ទៅ​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ចិន​។ ក្រោយនាវាចម្បាំង​អាមេរិក​ បានបើក​កាត់​ច្រក​សមុទ្រ​នេះដែរ​។

​ប៉ុន្តែជាការឆ្លើយតបទៅវិញភ្លាមៗ ទាក់ទង​ការឆ្លងកាត់​ច្រក​សមុទ្រ​ខណ្ឌ​ចែក​ដីគោក និង​កោះ​តៃវ៉ាន់ កងទ័ពជើងទឹក​ចិន បាននិយាយ​នៅ​ថ្ងៃទី​២១ ខែធ្នូនេះថា៖ ការឆ្លងកាត់​របស់​នា​វា​ចម្បាំង និង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់ខ្លួន គ្រាន់តែ​ជាការ​ធ្វើដំណើរ​ឆ្ពោះ​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ​។ កងទ័ពជើងទឹក​ចិន អះអាងបន្ថែមថា សមយុទ្ធ​នេះ គឺ​ផ្អែកលើ​គម្រោង​សមយុទ្ធ​ប្រចាំឆ្នាំ ហើយ​នៅពេល​អនាគត ចិន​នឹង​រៀបចំ សមយុទ្ធ​ស្រដៀង​នេះ​ឡើង​ទៀត ដោយ​ផ្អែកលើ​តម្រូវការ​ហ្វឹកហាត់​។

សូមជម្រាបថា នៅ​ថ្ងៃទី​១៩ ខែធ្នូថ្មីៗនេះ នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​ប្រដេញ​អាមេរិក USS Mustin បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​អាមេរិក​ចាត់ទុកជា​ទម្លាប់​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ និង​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ចំណែកការបើក​កាត់​ច្រក​សមុទ្រ​តៃ​វ៉ា​ក់​ជា​លើក​ទី​១២​ក្នុង​ឆ្នាំ​២០២០ ពី​ភាគី​អាមេរិក​នេះ ត្រូវបាន​ចិន ឃ្លាំមើល​យ៉ាងខ្លាំង ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​។

​ដោយឡែកនៅ​ថ្ងៃ​បន្ទាប់ កងទ័ពចិន ​ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក សាន​តុង ដែល​ដាក់​ឲ្យ​ប្រតិបត្តិ​ជាង​១​ឆ្នាំមុន រួមទាំង​នាវាចម្បាំង​ចំនួន ៤​គ្រឿង​បន្ថែមទៀត បើក​ពី​កំពង់ផែ​ក្រុង​តា​លៀន ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស ឆ្ពោះ​មក​ច្រក​សមុទ្រ​តៃវ៉ាន់និង​បន្តទៅ​ភាគខាងត្បូង​។ រីឯតៃវ៉ាន់វិញ ដោយ​សំអាង​លើ​សន្តិសុខ និង​ការពារ​ដែនដី​របស់ខ្លួន បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​ចំនួន ៦​គ្រឿង និង​យន្តហោះ​ចម្បាំង​ចំនួន ៨​គ្រឿង ឃ្លាំមើល និង​តាមដាន​សកម្មភាព ចល័ត​របស់​នាវា​ចិន ដែល​បាន​ប្រតិបត្តិ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។

ទាក់ទិននឹងបញ្ហានេះដែរ ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែធ្នូ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ថា៖«​ដោយមាន​ការគាំទ្រ​ពី​ប្រជាជន កងទ័ព​តៃវ៉ាន់ មាន​ទំនុកចិត្ត និង​សមត្ថភាព​ធ្វើជា​ឆ្មាំ​ការពារ​, ធានា​សន្តិសុខ​ជាតិ និង​ការពារ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​»​។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ប៉េកាំង និង​ទីក្រុង​តៃប៉ិ មួយរយៈ​ចុងក្រោយ​នេះ បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ការបង្កើន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តៃប៉ិ​។ ព្រោះកន្លងទៅ​អាមេរិក បានផ្តល់​ភ្លើង​បៃតង​ក្នុង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ទៅ​តៃវ៉ាន់​ជា​បន្តបន្ទាប់​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print