របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថាបនាលេចចេញជារបងថ្មជិតរួចរាល់១០០% ហើយ

ចែករំលែក៖

ភ្នំពេញ៖ របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រចាប់ពីការាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្មជាច្រើនរយម៉ែត្រហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានរៀបការ៉ូឡាចាប់ពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) រួចរាល់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះដែរ គិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ ពោលគឺបានលេចចេញជារបង (ចាប់ពីការាសសាំងតូតាល់រហូតដល់ជិតការាសលក់រថយន្ត) និងដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។

លើសពីនេះទៀត មន្ត្រីជំនាញបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្មជាមួយនឹង ការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ។

គួរំលឹកផងដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងនេះផងដែរ ដោយបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើរជើង ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print