កូនកម្លោះ-ក្រមុំមួយគូ នៅម៉ាឡេស៊ីរៀបអាពាហ៍ពិពាហ៍សម័យកូវីដ ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត

ចែករំលែក៖

អន្តរជាតិ៖ កូនកម្លោះ–ក្រមុំមួយគូ នៅម៉ាឡេស៊ី បានបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍ក្នុងសម័យវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ–១៩ បានឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត។ នេះគឺជាវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ–១៩ ហើយពួកគេបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ ពិធីនេះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។

ជាក់ស្តែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ បាននាំគ្នាឈរស្វាគមន៍នៅក្រៅបរិវេណអគាររដ្ឋាភិបាលមួយ ក្នុងទីក្រុងPutrajaya ភាគខាងត្បូងនៃរាជធានី គូឡាឡាំពួ ខណៈភ្ញៀវពួកគេបានបើករថយន្តយឺតៗកាត់មុខរោងការនេះ។

សូមជម្រាបថា ក្នុងពិធីនោះដែរភ្ញៀវទាំងអស់ ពុំអាចពន្លត់ម៉ាស៊ីនរថយន្តពួកគេទេ ហើយក៏មិនដើរមករាក់ទាក់កូនកម្លោះ–ក្រមុំនេះបានឡើយព្រោះតែត្រូវរក្សាគម្លាតសុវត្ថិភាព ហើយម្យ៉ាងទៀត ការរៀបមង្គលការនៅម៉ាឡេស៊ី កំណត់ភ្ញៀវចូលរួមត្រឹម២០នាក់ប៉ុណ្ណោះ។ ជំនួសមកវិញ ភ្ញៀវដែលត្រូវបានអញ្ជើញមកចូលរួមនោះ អាចគ្រាន់តែបក់ដៃនិងបង្ហាញញញឹមពីក្នុងឡានពួកគេតែប៉ុណ្ណោះ។

ទាក់ទិននឹងករណីខាងលើ ឪពុករបស់កូនកម្លោះ ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ការរៀបមង្គលការរបស់កូនគាត់ មានភ្ញៀវចូលរួមរហូតដល់ ១០០០០នាក់។ បន្ថែមពីនេះវលោក បាននិយាយបន្តថា ក្រុមគ្រួសារលោក និងលោក មានកិត្តិយសធំធេង ហើយក៏អរគុណចំពោះការយោគយល់ និងការគោរពតាមវិធានការកូវីដ–១៩របស់ភ្ញៀវលោក ដោយការមិនចេញក្រៅរថយន្ត។

ជាមួយគ្នានេះសម្រាប់រថយន្តទាំង១០០០០គ្រឿងនេះ បានបើកឆ្លងផុតអស់ វាត្រូវការពេលរហូតដល់៣ម៉ោងឯណោះ។ ទោះមិនឈប់ និងអង្គុយបរិភោគអាហារក្នុងរោងការក៏ពិតមែន ភ្ញៀវទាំងនេះ ក៏ទទួលបានអាហារវេចខ្ជាប់រួចរាល់ ដែលផ្ដល់ឲ្យដោយម្ចាស់ដើមការ តាមបង្អួចរថយន្តពួកគេផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី កំពុងប្រយុទ្ធនឹងរលកឆ្លងថ្មីនៃករណីកូវីដ–១៩ ដែលបច្ចុប្បន្នរកឃើញករណីឆ្លងសរុបជាង៩៣០០០ករណី និងអ្នកស្លាប់ ៤៣៧នាក់ហើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print