Update! នគរបាលចុះអនុវត្តដីកាផ្ទុះអាវុធធ្លាយជើងគ្នាឯង១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កម្លាំងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការចុះអនុវត្តដីកាសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ឈានដល់ការផ្ទុះអាវុធផ្លាតគ្រាប់ត្រូវជើងនគរបាលស្រុកភ្នំក្រវាញ១នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

 ប្រតិបត្តិការចុះអនុវត្តដីកាផ្ទុះអាវុធផ្លាតគ្រាប់ត្រូវជើងនគរបាលគ្នាឯងខាងលើ បានកើតឡើងនៅវេលាទាបភ្លឺថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៃអធិការនគរបាលស្រុកភ្នំក្រវាញ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បង្ហើបថា ជនសង្ស័យត្រូវបានអនុវត្តឈ្មោះ ហេង យ៉ុង ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ដុះ ឃុំបឹងនឹងមល់ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន បានមកល័ក្ខខ្លួនពួនអាត្មានៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពដដែលបន្តទៀតថា ទំនងអាចជនសង្ស័យបានដឹងខ្លួនទើបបានជាកូនប្រុសឈ្មោះ ស៊ុម យ៉ុន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត យករថយន្ត១គ្រឿងម៉ាក តូយ៉ូតា កាមរី បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AX 2344 ដើម្បីក្នុងគោលបំណងដឹកឪពុក(ហេង យ៉ុង)គេចខ្លួន លុះមកដល់ចំណុចកើតហេតុ ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់រថយន្ត ប៉ុន្តែចៃដន្យក៍បានផ្លាតគ្រាប់ចំជើងឆ្វេងលោក អនុសេនីយ៍ឯក ហ៊ុន ចាន់ធា ហៅពៅ នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូនបានបញ្ជានទៅសង្រ្គោះភ្លាមៗ ។

 ប្រភពបញ្ជាក់បន្តទៀតថា ករណីនេះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣១០ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចេញដោយលោក គាំ អង្គា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកំពត ខណៈជនសង្ស័យជាមុខសញ្ញាឃាតកម្ម(ហេង យ៉ុង)បានប្រព្រិត្តនៅភូមិព្រៃពាយ ឃុំត្រពាំងខ្លាំង ស្រុកឈូក ខេត្តកំពត កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។

 ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យជាមុខសញ្ញាឃាតកម្មគិតទុកជាមុន(ហេង យ៉ុង)កូនប្រុស(ស៊ុម យ៉ុន) និងរថយន្ត១គ្រឿងម៉ាក តូយ៉ូតា កាមរី បាឡែន ធ្វើកំណត់ហេតុប្រគល់ទទួលទៅអោយកម្លាំងនាយកដ្ឋាន ចំណែកនគរបាលរងរបួសលោក អនុសេនីយ៍ឯក នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ កម្លាំងនាយកដ្ឋាននៃក្រសួងមហាផ្ទៃ បានប្រគល់ជូននូវទឹកប្រាក់ចំនួន១,០០០ដុល្លារអាមេរិច ដើម្បីព្យាបាលមុខរបួស ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print