ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្អម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បាននាំគ្នាលើកឡើងពីមាត់មួយទៅមាត់មួយមិនដាច់ថា រាល់ថ្ងៃពួកគាត់សង្កេតឃើញមានលួចបើកសង្វៀនជល់មាន់យ៉ាងធំ ដែលជ្រកក្រោមផ្លាកកាស៊ីណុហើយមានមនុស្សជាច្រើនចូលេងទាំងខ្មែរ ទាំងវៀតណាមរាប់រយនាក់ក្នុង១ថ្ងៃៗ ទាំងអ្នកដែលរស់នៅតំបន់នោះ និងជាច្រើនអ្នកទៀតបានទៅពីរាជធានីភ្នំពេញ ដើម្បីទៅចាក់ភ្នាល់ការបញ្ជល់មាន់នៅទីនោះ។
ប្រភពបានឲ្យដឹង រាល់ថ្ងៃគាត់ឃើញមានមនុស្សជាច្រើនបាននាំគ្នាទៅចូលលេងល្បែងក្នុងកាស៊ីណូនោះ។ ទីនោះមិនមែនត្រឹមជាកាស៊ីណូធម្មតានោះទេ គឺមានលួចបើកសង្វៀនបញ្ជល់មាន់យ៉ាងធំ ដែលបើកឲ្យមានការភ្នាល់ច្រើនៗ។ មិនតែប៉ុណ្ណោះទៀត កាស៊ីណូនេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរី ដែលមានទាំងអ្នកនៅជុំវិញទីនោះ អ្នកកៀនស្វាយ អ្នកស្វាយរៀង និងអ្នកភ្នំពេញ ទៀតផង ដោយពេលព្រឹកគេដឹកមកទាំងឡានៗ ហើយពេលល្ងាចគេដឹកទៅវិញ ហាក់ដូចជានាំគ្នាមកហែងកឋិន។
ដោយឡែកប្រភពផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា កាស៊ីណូនេះមានអាជ្ញាបណ្ណហួសសុពលភាពទៅហើយ ប៉ុន្តែគេសង្កេតឃើញម្ចាស់កាស៊ីណូបានដើរហុចលុយទឹកតែ តាមស្ថាប័ននីមួយៗគ្រប់កន្លែង ដើម្បីបិទភ្នែកបិទច្រមុះកុំឲ្យធ្វើដឹងធ្វើឮរឿងនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗចំពោះអាជ្ញធរពាក់ព័ន្ធថា ហេតុអ្វីក៏ឲ្យលុយបាំងភ្នែកបែបនេះ ។ អាជ្ញាបណ្ណហួសសុពលភាព លួចបើកសង្វៀនជល់មាន់ ហើយថែមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីទៀត តែអាជ្ញាធរ បែរធ្វើមិនដឹងមិនឮដូចគ្មានរឿងអ្វីកើតឡើងទៅវិញ៕