អន្តរជាតិ៖ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ–១៩ (CCSA) លោក Taweesilp Visanuyothin កាលពីថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថា ខ្លួនមានករណីឆ្លងថ្មីចំនួន ១២១ករណី បន្ថែមទៀតដោយក្នុងនោះមានអ្នកឆ្លងមកពីបរទេសមានចំនួន ៨ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោក Taweesilp Visanuyothin បន្តថា ដោយសារតែករណីឆ្លងកើនឡើងខ្លាំង ថៃបានដាក់តំបន់មួយចំនួនជាតំបន់ក្រហម ដែលជាតំបន់មានការរឹតត្បិតខ្លាំងជាងគេ ជាបន្តបន្ទាប់។
ចំណែកនៅក្នុងទីក្រុងបាងកក សម្រាប់ករណីឆ្លងក្នុងស្រុក នៅតែបន្តមានករណីឆ្លងច្រើនជាងគេ ក្នុងចំណោមតំបន់ផ្សេងៗ ដោយក្នុងនោះបាងកកមានចំនួន ១៦ករណី, ១១ករណី នៅក្នុងខេត្តNakhon Pathom, ៨ករណីនៅក្នុងខេត្ត Rayong និងតំបន់ផ្សេងៗទៀត។ បើគិតមកត្រឹមថ្ងៃទី ២៧ ខែធ្នូម្សិលមិញនេះ ថៃមានករណីឆ្លងសរុបចំនួន ៦១២៣ករណី និងអ្នកស្លាប់មានចំនួន ៦០ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤១៦១នាក់។ ខណៈខេត្តរបស់ថៃ បានកើនដល់ ៣៨ខេត្តហើយ ដែលមានពាក់ព័ន្ធនឹងករណីឆ្លងនឹងផ្សារលក់គ្រឿងសមុទ្រ នៅក្នុងខេត្តសាមុតសាខន។
ដោយឡែកជុំវិញនឹងករណីឆ្លងហក់ឡើងបែបនេះ កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅ ស្រុកMuang នៃខេត្តRayong ត្រូវបានអភិបាលខេត្តRayong ប្រកាសដាក់ក្នុងតំបន់ក្រហម បន្ទាប់ពីមានករណីឆ្លងហក់ឡើងខ្លាំង។
គួរបញ្ជាក់ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ–១៩ (CCSA) លោកTaweesilp កន្លងមកក៏ធ្លាប់បានព្រមានថា ប្រសិនបើមិនមានការសហការណាមួយពីសំណាក់ប្រជាជនទេ ឬស្ថានភាពកូវីដ–១៩ នៅក្នុងប្រទេស មិនអាចស្ថិតក្រោមការគ្រប់គ្រងបាន រដ្ឋាភិបាលថៃ អាចនឹងបិទប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាត៕ដោយ៖ស តារា