ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានដាក់លិខិតស្នើដល់ក្រសួងគ្រប់គ្រងឱសថរបស់ចិនអនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយក្នុងប្រទេសចិននិង ជុំវិញពិភពលោក។
ក្រុមហ៊ុនSinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រទេសនេះមានប្រសិទ្ធភាពដល់ទៅ៧៩,៣៤% ក្នុងការសាកល្បងចុងក្រោយបង្អស់។ វ៉ាក់សាំងនេះក្រោយចាក់លើកទីពីរ នឹងបង្កើតអង់ទីគ័រ ប្រឆាំងកូវីដ-១៩ដល់ទៅ ៩៩,៥២ភាគរយ គឺជាជោគជ័យ៉ាងធំធេង។
កន្លងមក ក្រុមហ៊ុនចិនផលិតឱសថមួយទៀតគឺ Sinovac បានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅជាង ៩០% ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ នៅប្រទេសតួកគី ដែលបាននាំឲ្យរដ្ឋាភិបាលតួកគីធ្វើការបញ្ជាទិញវាភ្លាមៗពីចិនផងដែរ។
បើតាមក្រុមហ៊ុនចិន Sinopharm ប្រជាជនជាង១លាននាក់រួចទៅហើយ បានទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិនផ្ទាល់ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ ក្នុងនោះរួមមានបុគ្គលិកសុខាភិបាលជួរមុខ និយោជិតសហគ្រាសរដ្ឋ និងកម្មករ-និស្សិតដែលធ្វើដំណើរទៅបរទេស។
ដោយផ្អែកលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន ទីក្រុងប៉េកាំងបានសន្យាថា នឹងចែកវ៉ាក់សាំងនេះក្នុងតម្លៃសមរម្យ ដែលជាការជំរុញទឹកចិត្តមួយសម្រាប់បណ្តាប្រទេសក្រីក្រក្នុងទ្វីបអាស៊ី ដែលកំពុងរង់ចាំការចែកចាយវ៉ាក់សាំងតាមរយៈគំនិតផ្តួចផ្តើមផលិតវ៉ាក់សាំងរួម COVAX របស់អង្គការសុខភាពពិភពលោក (WHO)។
ប្រសិនបើទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះចិនមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីរក្រុមហ៊ុនហើយ គឺក្រុមហ៊ុន Sinovac និង Sinopharm ៕ដោយ៖ធី រីណា