ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមអោយជនរួមជាតិទាំងអស់គ្នាចូលរួមពិធីបុណ្យមាឃបូជា ដើម្បីសុខសន្តិភាពនិងការរីកចម្រើន។
ដោយសម្តេចមានប្រសាសន៍ថាៈប្រទេសកម្ពុជា ជាប្រទេសគោរពព្រះពុទ្ធសាសនាអស់កាលជាយូរមកហើយ ដែលមានប្រជាពលរដ្ឋជាង ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។ ចំនួនព្រះសង្ឃ និងវត្តអារាមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការរីកចម្រើនផ្នែកពុទ្ឋសាសនានៅកម្ពុជា។
ចំពោះមាឃបូជានៅថ្ងៃនេះ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ឋសាសនា។ ពិធីបុណ្យនេះគឺដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងព្រះពុទ្ធសាសនា ដូចជា ១)- រំឮកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ និង ២)- រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារ ពោលគឺ ថ្ងៃ១៥កើត ខែមាឃនេះ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ បានត្រាស់ដឹង និងក៏ជាថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន។
ក្រោមការដឹករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយវិស័យពុទ្ធចក្ររីកលូតលាស់យ៉ាងស្គុសស្គាយនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះកម្ពុជាមានវត្តអារាមចំនួន៤,៥១៤ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ១៧៤ វត្ត និងព្រះសង្ឃទាំងពីរគណៈមានចំនួន ៥៦,៨២០អង្គ ។
ព្រះពុទ្ឋសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ជាងនេះទៀត ការអប់រំបែបព្រះពុទ្ធសាសនាក៏បានរួមចំណែយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និង ឥរិយាបថរស់របស់ពលរដ្ឋនៅក្នុងសង្គមយើងផងដែរ។
សូមជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងពិធីបុណ្យមាឃបូជានៅថ្ងៃនេះកុំបីខាន៕
ដោយ៖ សុខ ខេមរា