ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានធ្វើការឃាត់ខ្លួនបុរស៤នាក់ បន្ទាប់ពីពួកគេផឹកស៊ីស្រវឹង ហើយបានជិះម៉ូតូឌឺដងដាក់គ្នាទៅវិញទៅមកតាមផ្លុវសាធារណៈ រហូតបង្កជាជម្លោះវាយតប់គ្នា ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេ នៃភាគីទាំងសងខាងមានគ្នា២នាក់ដូចគ្នា ដោយម្ខាងជិះម៉ូតូក្នុងម្នាក់១គ្រឿង និងម្ខាងទៀតជិះម៉ូតូធំមួយគ្រឿងឌុបគ្នា ដោយម្នាក់ៗមានស្ថានភាពស្រវឹងដូចគ្នា ហើយនៅតាមផ្លូវបានជិះម៉ូតូឌឺដងដាក់គ្នាទៅវិញទៅមក ហើយក៏បានជិះម៉ូតូប៉ះគ្នាបណ្តាលឱ្យដួលគរលើគ្នា និងបានបង្កជាជម្លោះវាយតបគ្នាតែម្តង និងបានចោទគ្នាថាបានវាយប្លន់គ្នាថែមទៀតផង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនទាំង៤នាក់តែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សមត្ថកិច្ចបានធ្វើការវាស់ជាតិអាកុល ដោយឃើញថាពួកគេសុតតែមានផ្ទុកជាតិអាកុលដូចគ្នា ។
បើតាមការសាកសួរ របស់សមត្ថកិច្ចប៉ុស្តិ៍គឺមិនមែនជារឿងករណីប្លន់ដូចដែលពួកគេចោទគ្នានោះទេ គ្រាន់តែជិះម៉ូតូឌឺដងដាក់គ្នាទៅវិញទៅមក រួចក៏វាយតប់គ្នាតែម្តង ។
ដោយសារតែភាគីទាំងសងខាងប្រកែកយកត្រូវរៀងខ្លួន និងអាងសុតតែមានខ្សែធំៗទៀតនោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សំរេចយកអ្នកទាំង៤ទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ជីម ភារ៉ា ដង្កោ