ភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់! ខណ:ដែលបុរសវ័យចំណាស់ម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយហើយកិនទាំងមនុស្សនិងម៉ូតូអូសប្រហែលជាង១០ម៉ែត្រទើបអ្នកបើកបញ្ឈប់រថយន្ត ធ្វេីឲ្យជនរងគ្រោះដាច់ជេីងម្ខាងរងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដែកចំការដូងតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះភ្លាមៗ ។ រីឯអ្នកបេីកបររថយន្តបង្កហេតុមានឈ្មោះ ឃុន ទីឡុង អាយុ២៣ឆ្នាំ មុខរបរជាអ្នកសុីឈ្នួលបេីកបររថយន្ត ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំការដូងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីចាស់ ពាក់ស្លាកលេខ ព-9441 ភព1 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងហេីយឆ្លងភ្លើងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់បើកតាមបណ្ដោយផ្លូវលេខ៣៧១ បត់ឆ្វេងឡើងមកផ្លូវលេខ២១៧ក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះនិងកិនអូសប្រហែលជា១០ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញដែលឈរជើងនៅស្ពានដែកចំការដូងឃាត់ខ្លួនភ្លាមៗ ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយមក សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ទីតាំងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កហេតុរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ