ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា នៅកម្ពុជាធ្លាក់ត្រជាក់ដល់១២អង្សាសេ ដល់១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង

ចែករំលែក៖

ភ្នំពេញ,ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា នៅកម្ពុជាធ្លាក់ត្រជាក់ដល់១២អង្សាសេ ដល់១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម មនុស្សព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ 

 ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ ២០២១ នេះ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

១- នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៤°C ទៅ ១៧°C ។ ពិសេស ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១២°C ទៅ ១៥°C លាយឡំជាមួយខ្យល់ខ្លាំង ។

២- នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ ១៩°C ។ ពិសេស ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប  ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៨°C លាយឡំជាមួយខ្យល់មធ្យម ។

៣- នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស វីរៈ   កងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print