ខេត្តកណ្តាល៖ ផ្តើមចេញពីទំនាស់ពាក្យសំដីនិងទះមួយកំផ្លៀង ធ្វើឲ្យបុរសចិត្តខ្លាំងខ្វះការពិចារណាលើកគ្នាជាច្រើននាក់ប្រដាប់ដោយកាំបិតទៅកាប់ប្រហារគូរទំនាស់ដល់ផ្ទះ បណ្តាលឲ្យភាគីម្ចាស់ផ្ទះរងរបួស៥នាក់និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ ដោយឡែកជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នូល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួន នោះទី១-ឈ្មោះ ប៉ុន ពិសិត្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ទី២-ឈ្មោះ ប៉ុន ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បាយ ។ ជនសង្ស័យទាំង២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។ ដោយឡែកវត្ថុតាងដែលត្រូវបានដកហូតមាន កាំបិតចាក់.កជ្រូកចំនួន០១ ,កាំបិតច្នៃចំនួន០១ ,ចបកាប់ចំនួន០១ និងដែកបំពងទីពចំនួន០១ផងដែរ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមានគ្នា៥នាក់ ទី១-ឈ្មោះ ហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិកររងរបួសក្រោមជង្គងខាងធ្វេង ជាំស្មាខាងឆ្វេងង និងហើមគួយដៃខាងស្តាំ ទី២-ឈ្មោះ សុខ ស៊ាប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពលករនៅប្រទេសថៃ រងរបួសកែងជើងខាងឆ្វេង ទី៣-ឈ្មោះ ទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រលាតកែងដៃខាងឆ្វេង ទី៤-ឈ្មោះ នឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់-ដូរ និងទី៥-ឈ្មោះ សេង ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ រងរបួសហើមដៃខាងឆ្វេង ។ ជនរងគ្រោះទាំង៥នាក់មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុភាគីរងគ្រោះបានកើតមានទំនាស់ពាក្យសំដីគ្នាជាមួយភាគីជនសង្ស័យ ។ ពេលកើតមានទំនាស់គ្នានោះភាគីរងគ្រោះបានទះកំផ្លៀងភាគីជនសង្ស័យមួយកំផ្លៀង ក្រោយមកក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ ដោយសារតែមិនអស់ចិត្តនឹងភាគីរងគ្រោះទះមួយកំផ្លៀងភាគីជនសង្ស័យក៏បានប្រមូលផ្តុំគ្នាជាច្រើននាក់ប្រដាប់ដោយកាំបិត ដែកបំពងទីប និងចបកាប់ លើគ្នាទៅវាយនិងកាប់ប្រហារភាគីជនរងគ្រោះដល់លំនៅដ្ឋាន បណ្តាលឲ្យភាគីជនរងគ្រោះមានគ្នា៥នាក់រងរបួសស្រាលនិងខូចខាតសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ ។
ដោយឡែកក្រុមជនសង្ស័យ២នាក់បានរងរបួសផងដែរ និងត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីកសាងសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ