ខេត្តកណ្តាល៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗ ហើយនោះបានចុះទៅហែលទឹកស្រះលេងម្នាក់ឯង ខណៈនោះបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអណោចអធ័មដោយសារតែពុំមាននណាម្នាក់ដឹកជួយទៅសង្រ្គោះទាន់ពេលវេលា ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចុះរកឃើញបង្កឲ្យមានការភ្ញាក់ផ្អើល១២ និង៤៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកខាងក្រោយភូមិ ស្ថិតក្នុងភូមិកំពង់ចុះវា ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិត្រពាំងពោធិ ឃុំវាលពង្ស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាមនុស្សមានជម្ងឺតេតាណូសប្រចាំកាយ ហើយនៅមុនពេលកើតហេតុ២ថ្ងៃស្ត្រីជាប្រពន្ធបាននាំជនរងគ្រោះមកលេងផ្ទះឪពុកម្តាយ ស្ថិតក្នុងភូមិកំពង់ចុះវា ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។ លុះដល់វេលព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមគ្រួសារសាច់ញាតិបានទិញស្រាយកមកផឹកនៅផ្ទះដោយបានហៅជនរងគ្រោះផឹកជាមួយផងដែរ ។ បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗរួចមក ជនរងគ្រោះបានដើរទៅក្រោយផ្ទះចុះហែលទឹកស្រះម្នាក់ឯង ទើបបណ្តាលឲ្យលង់ទឹកលិចបាត់ខ្លួន ។
ក្រោយពីបាត់ជនរងគ្រោះមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារសាច់ញាតិបាននាំគ្នាចុះរាវរកបាត់ស្រះ រហូតប្រទះឃើញសាកសពជនរងគ្រោះ ។ សមត្ថកិច្ចនគរបាលស្រុកពញាឮបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ