រន្ធត់ណាស់!! រថយន្តតូយ៉ូតាព្រូសបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រធ្លាក់ផ្លូវ ចូលត្រពាំងឈូកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើរថយន្តToyota Prius ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រធ្លាក់ចេញពីផ្លូវចូលក្នុងត្រពាំងឈូកទាំងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្ស័យថាមានស្ត្រីម្នាក់បាត់ខ្លួនផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AX-2687បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1O-3398ដែលបើកស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្ដាលឲ្យអូសជាង៥០ម៉ែត្រធ្លាក់ផ្លូវចូលទៅក្នុងត្រពាំងឈូកទាំងម៉ូតូនិងរថយន្តចូលទៅគាបនឹងធ្នឹមផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។

    ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកនៅម្តុំនោះក៏នាំគ្នាចូលទៅមើលឃើញបុរសម្នាក់ដេកស្តូកស្តឹងរងរបួសធ្ងន់។ ឃើញដូច្នេះបងប្អូនអ្នកភូមិក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសយកទៅមន្ទីរពេទ្យ ហើយជនរងគ្រោះមុននឹងឡើងលើរថយន្តសង្គ្រោះបន្ទាន់បានផ្ដែផ្ដាំបងប្អូនប្រជាពលរដ្ឋដែលទៅជួយរូបគាត់ ដោយប្រាប់ថាជួយរកប្រពន្ធគាត់ផង។ ប្រភពបានបន្តទៀតថា ដោយមានការសង្ស័យព្រោះនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍បន្សល់ទុកមួកសុវត្ថិភាព២ និងស្បែកជើង២គូ សង្ស័យថាមានគ្នាពីរនាក់ប្ដីប្រពន្ធ។ចំណែកតៃកុងរថយន្តបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុប្រជាពលរដ្ឋនាំគ្នាយកខ្សែចងរថយន្តដើម្បីអូសចេញពីទឹកនិងរុករកក្រែងមានស្ត្រីម្នាក់បាត់ខ្លួនជាប់នៅក្រោមរថយន្តដូចដែលពាក្យជនរងគ្រោះបានផ្តែផ្តាំ តែដោយរកមិនឃើញ  ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print