ភ្នំពេញ៖ បុរសជាជនជាតិចិន បានបើករថយន្តយ៉ាងលឿន ជ្រុលទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត មិនចុះដោះស្រាយទេបានព្យាយាមបើករត់បានរេចង្កូតទៅបុកស្លាកសញ្ញា បាក់អស់១ ដើម បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ អ្នកបើកបររត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង ៤៥ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតប្រ៊ីត ក្នុងទិសដៅពីជើងមកត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះនិងរថយន្តតូយ៉ូតាព្រូស មិនចាំស្លាកលេខ រួចបន្តបើករត់បានរេចង្កូត ទៅបុកបង្គោលដាក់ស្លាកសញ្ញាបណ្តាលឲ្យបាក់អស់១ដើម បណ្ដាលឲ្យថយន្តក្រឡាប់ផ្ងារជើងទ្រមេឃចំណែកអ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់។
បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ