រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបន្តសកម្មភាពបាញ់សាកល្បងមីស៊ីល ដោយមិនខ្លាចការគំរាមកំហែងពីលោលខាងលិចនោះឡើយ ។ ប្រទេសលោកខាងលិច ជាពិសេសអាមេរិកតែម្តងទើបតែបានអនុមតច្បាប់ដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងដោយសារតែសកម្មភាពគឃ្លើនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០១៦ ។
ទោះបីជាមានការថ្កោលទោសនិងការបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ក៏ដោយកូរ៉េខាងជើងហាក់ដូចជាមិនសូវខ្វាយខ្វល់ប៉ុន្មាននោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបន្តសកម្មភាពដ៏គឃ្លើនក្នុងការបាញ់សាកល្បងមីស៊ីលនិងសកម្មភាពផ្សេងៗដែលគំរាមកំហែងដល់សន្តិសុខនិងបំពាននឹងបម្រាមរបស់សហគមន៍អន្តរជាតិ។
កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ នៅក្បែរតំបន់ជម្លោះដែនសមុទ្រជាមួយនឹងក្រុងសេអ៊ូល។ ការបាញ់គ្រាប់ផ្លោងនេះធ្វើឡើង ស្របពេលកូរ៉េខាងត្បូងរួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនត្រៀមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំ។
ប្រភពព័ត៌មានរ៉យទ័របានដកស្រង់សម្តីរបស់យោធាថា ការបាញ់គ្រាប់ផ្លោងរបស់កូរ៉េខាងជើងនោះមិនបានចូលមកក្នុងទឹកដីកូរ៉េខាងត្បូងនោះទេ។ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថា ទាហានបានលឺសំឡេងនៃការបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ចេញពីកោះBaengnyeongដែលទំនងជាការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ ថាច់ យ៉ាត