ខេត្តស្វាយរៀង៖ ផ្ទះឈើជញ្ជាំងស្លឹកប្រក់ស័ង្កសីដែលមានទំហំបណ្ដោយ៧ម៉ែត្រគុណ៨ម៉ែត្របានអគ្គីភ័យលេបត្របាក់ទាំងស្រុងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនដោយសារតែឪពុកម្ដាយជាប់រវល់ចេញទៅក្រៅផ្ទះ ហើយកូនៗលេងដែកកេះក្បែរជញ្ជាំង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុករំដួលបានអោយដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ សំ ចំប៉ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះ ម៉ក់ គន្ធាអាយុ ៣២ឆ្នាំមុខរបរនៅផ្ទះដោយមានទីលំនៅក្នុងភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមម្ចាស់ផ្ទះឈ្មោះសំចំប៉ីបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានឌុបប្រពន្ធចេញទៅក្រៅប្រមាណជាកន្លះម៉ោងស្រាប់តែអ្នកភូមិជិតខាងបានទូរសព្ទ័ប្រាប់ថាផ្ទះត្រូវភ្លើងឆេះហើយទើបប្រញាប់ប្រញាល់មកជួយពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេព្រោះឆេះពេញក្រមុំទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានមកអន្តរាគមន៍ និងធ្វើការសាកសួរទើបដឹងថា មូលហេតុដោយសារឱពុកម្តាយមិននៅផ្ទះហើយទុកអោយកូនតូចៗលេងភ្លើងក្បែជញ្ជាំងស្លឹកទើបបណ្តាលអោយឆេះផ្ទះបែបនេះ៕
ដោយ៖ យឹម សុថាន