មេដឹកនាំប្រទេសអ៊ីរ៉ង់បានអំពាវនាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេស Oman ។ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន់ រ៉ូហានី បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀងស្តីអំពីកម្មវិធិនុយក្លេអ៊ែររវាងអ៊ីរ៉ង់ នឹងមហាអំណាចទាំង៦ក្នុងលោកបានសម្រេចជាផ្លែផ្កា ត្រួសត្រាយផ្លូវដល់អ៊ីរ៉ង់ឈានដល់ការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ។
លោកហាស្សាន់ រ៉ូហានី បានជួបពិភាក្សាជាមួយសមភាគីរដ្ឋមន្ត្រីក្រសួងការបរទេស Oman លោក Yusufbin Alawi ថា វាមានសារសំខាន់ណាស់ដែរ ដែលថាប្រទេសទាំងពីរ អ៊ីរ៉ង់ Oman ត្រូវតែឆ្លៀងឱកាសល្អនេះបង្កើតកិច្ចព្រមព្រៀងបន្ថែមទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ចតែម្តង ។
លោករ៉ូហានី បានបន្ថែមថា ទីក្រុងតេអេរ៉ង់ និងទីក្រុង Muscat មានការពេញចិត្តនៅក្នុងកិច្ចទំនាក់ទំនងមិត្តភាពប្រកបដោយុទ្ធសាស្ត្រជាមួយគ្នា ។ កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរគួរតែពង្រឹងនិងពង្រីកឲ្យបានជ្រាលជ្រៅបន្ថែមទៀត នៅពេលដែលទំនាក់ទំនងនយោបាយមានការល្អប្រសើរទៅហើយនោះ ។
លោករ៉ូហានី បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់បានកត់សម្គាល់ឃើញថា Oman ជាប្រទេសដែលប្រកាន់គោលជំហរវិជ្ជមាន អំឡុងពេលដែលទីក្រុងតេអេរ៉ង់បាននិងកំពុងពិភាក្សាចរចាជាមួយមហាអំណាចពិភពលោកស្តីអំពីកម្មវិធីនុយក្លេអ៊ែរ ។
កាលពីឆ្នាំកន្លងមកនេះ ប្រទេស Oman បានធីបចោលមិនបរិហាររិះគន់ជាសាធារណៈទាក់ទងកម្មវិធីនុយក្លែងរបស់អ៊ីរ៉ង់ ហើយប្រទេសទាំងពីរនៅតែបន្តខិតខំរក្សាចំណងមិត្តភាពរឹងមាំជារៀងដរាប ។
នៅត្រង់ចំណុចនេះដែរ លោក Alawi រដ្ឋមន្ត្រីក្រសួងការបរទេស Oman បានថ្លែងថា ប្រទេសរបស់លោក បានដាក់ចិត្តដាក់កាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើគ្រប់វិស័យទាំងអស់ ។ លោក Alawi អះអាងថា ប្រទេស Oman និងផ្តល់ជូនអ្នកជំនួញអ៊ីរ៉ង់នូវលក្ខណៈពិសេស ព្រមទាំងសូមស្វាគមន៍យ៉ាងកក់ក្តៅជានិច្ចចំពោះវត្តមានសកម្មភាពរបស់ពួកគេនៅក្នុងទីក្រុង Muscat ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នាំមកនូវសេចក្តីរីកចម្រើន និងផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ ។
រដ្ឋ Oman បានរក្សាទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ ឈានមុខគេលើគ្រប់វិស័យ ទាំងក្នុងវិស័យការទូត នយោបាយ និងសេដ្ឋកិច្ច បើទោះបីថា ជម្លោះរវាងអារ៉ាប់ នឹងអ៊ីរ៉ង់កើតឡើងយ៉ាងស្រួចស្រាវក្នុងបញ្ហាឈូងសមុទ្រពែក្សនោះយ៉ាងណាក៏ដោយ ។
ក្រៅពីនេះ ប្រទេស Oman បានធ្វើជាអាជ្ញាកណ្តាលនៅក្នុងកិច្ចចរចារវាងប្រទេសសាធារណរដ្ឋអិស្លាម និងអាមេរិក, ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអង់គ្លេស ពាក់ព័ន្ធជម្លោះមួយចំនួនកាលពីអំឡុងឆ្នាំកន្លងទៅថ្មីៗនេះផងដែរ ។
កាលពីខែមីនា ឆ្នាំ២០១៤ រដ្ឋាភិបាលអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងនាំចេញឧស្ម័នរហូតដល់១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេស Oman ។ ជាមួយគ្នានេះ មានចុះកិច្ចព្រមព្រៀងសងសង់បំពង់បង្ហូរឧស្ម័នអ៊ីរ៉ង់ Oman ឆ្លងកាត់ឈូងសមុទ្រ ពែក្សដែលមានតម្លៃរាប់សិបលានផងដែរ ។
លោក Alawi រដ្ឋមន្ត្រីក្រសួងការបរទេស Oman បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីពិភាក្សាកិច្ចការក្នុងតំបន់ ព្រមទាំងផ្តោតទៅលើទំនាក់ទំនងមិត្តភាពជាឧបតោភាគីផងដែរ ៕