កម្លាំងទាហានកូរ៉េខាងជើងក្រោមការ បញ្ជាដោយផ្ទាល់របស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន បានត្រៀមលក្ខណៈជានិច្ច ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសមហាអំណាចអាមេរិក។ ទាហានកូរ៉េខាងជើង បានត្រៀមលក្ខណៈយ៉ាងល្អបំផុត ទើប ប្រទេសនេះហ៊ានសាកល្បងគ្រាប់បែក បរមាណូ និងកាំជ្រួចមីស៊ីល ។
សារព័ត៌មានកូរ៉េខាងត្បូងយុនហាប់កាលពីថ្ងៃទី២១ ខែកុម្ភៈ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យធ្វើការសមយុទ្ធជាទ្រង់ទ្រាយធំរបស់កម្លាំងទាហានអាកាស ជា ការត្រៀមលក្ខណៈវាយលុកនិងការពារ រាល់ការវាយប្រហារណាមួយពីសត្រូវ ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ការធ្វើសមយុទ្ធវាយលុក និងការពារ មានទិសដៅ៣ផ្សេងគ្នា ដើម្បីបង្កើន សមត្ថភាពការវាយលុកនិងការពារទីក្រុង ព្យុងយ៉ាងគេចផុតពីការវាយប្រហាររបស់ សត្រូវ។ មេដឹកនាំ គីម ជុងអ៊ុន ក៏បាន ត្រួតពិនិត្យដោយផ្ទាល់នូវការហោះហើរ របស់កម្លាំងទាហានអាកាសទៀតផង។ ប៉ុន្ដែការធ្វើសមយុទ្ធរបស់កូរ៉េខាងជើងមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈថា ធ្វើឡើងនៅពេលណានោះឡើយ ។
សកម្មភាពធ្វើសមយុទ្ធកើតឡើងក្នុងពេលដែលកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនកម្មវិធីបរមាណូរបស់ខ្លួនឱ្យបាន លឿនបំផុតដើម្បីការពារខ្លួន បើទោះបី មានការបង្កើនដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ ។
កាលពីពេលកន្លងមករដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងបានបន្ដសកម្មភាពបាញ់សាកល្បងមីស៊ីលដោយមិនខ្លាចការគំរាម កំហែងពីលោកខាងលិចនោះឡើយ។ ប្រទេសលោកខាងលិចជាពិសេសអាមេរិកតែម្ដង ទើបតែបានអនុម័តច្បាប់ ដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ដោយសារតែសកម្មភាពបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយកាលពីខែមករា និង ខែកុម្ភៈ ឆ្នាំ២០១៦ ។
ទោះបីជាមានការថ្កោលទោសនិងការ បន្ថែមទណ្ឌកម្មជាបន្ដបន្ទាប់ក៏ដោយក៏កូរ៉េ ខាងជើងហាក់ដូចជាមិនសូវខ្វាយខ្វល់ ប៉ុន្មាននោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលក្រុង ព្យុងយ៉ាងបានបន្ដសកម្មភាពបាញ់សាកល្បងមីស៊ីលនិងសកម្មភាពផ្សេងៗទៀត ដែលគំរាមកំហែងដល់សន្ដិសុខ និងបំពាន នឹងបម្រាមរបស់សហគមន៍អន្ដរជាតិ។ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់ផ្លោងជា ច្រើនគ្រាប់នៅក្បែរតំបន់ជម្លោះដែន សមុទ្រជាមួយនឹងក្រុងសេអ៊ូល។ ការ បាញ់គ្រាប់ផ្លោងនេះធ្វើឡើងស្របពេល ដែលកូរ៉េខាងត្បូងរួមជាមួយនឹងសម្ពន្ធមិត្ដរបស់ខ្លួនត្រៀមធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំទ្រង់ទ្រាយធំ ។
ប្រភពព័ត៌មានរ៉យទ័របានដកស្រង់សម្ដីរបស់យោធាថា ការបាញ់គ្រាប់ ផ្លោងរបស់កូរ៉េខាងជើងនោះមិនបាន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងនោះទេ។ មន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាន អះអាងថា ទាហានបានឮសំឡេងនៃការ បាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ចេញពី កោះBaengnyeong ដែលទំនងជាការ ធ្វើសមយុទ្ធយោធារបស់កូរ៉េខាងជើង ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើច្បាប់ ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងទៅ លើកូរ៉េខាងជើងបន្ទាប់ពីប្រទេសមួយនេះ បានបង្ករឿងដោយសកម្មភាពបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីពេលថ្មីៗកន្លងមកនេះ ។
សេតវិមានបានប្រកាសថា លោក អូបាម៉ា បានចុះហត្ថលេខាលើវិធាន ដែលអនុម័តដោយសភាដើម្បីរឹតបន្ដឹងការដាក់ទណ្ឌកម្មចំពោះអ្នកទាំងឡាយណា ឬប្រទេសណាមួយដែលនាំទំនិញឬបច្ចេក វិទ្យាពាក់ព័ន្ធអាវុធមហាប្រល័យលោកចូលទៅកាន់កូរ៉េខាងជើងនិងអ្នកទាំងឡាយ ណាដែលបានចូលរួមដឹងឮសកម្មភាព រំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ។
លោក Josh Earnest អ្នកនាំពាក្យ របស់សេតវិមានបានថ្លែងនៅមុនពេល លោកប្រធានាធិបតី អូបាម៉ា ចុះហត្ថ លេខាថា “រដ្ឋាភិបាលមានការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅពាក់ព័ន្ធសកម្មភាពកូរ៉េខាងជើង និងការបង្ករឿងរបស់គេកាល ពីអំឡុងពេលថ្មីៗកន្លងទៅនេះ”។ លោក បន្ដថា សេតវិមានសង្ឃឹមថា ការបន្ថែម ទណ្ឌកម្មនេះនឹងមានប្រសិទ្ធភាពគាប សង្កត់ទៅលើកូរ៉េខាងជើង។ នេះជាគោល បំណងរបស់សភា ហើយនេះជាអ្វីដែល យើងបានចែករំលែក ។
ច្បាប់ដាក់ទណ្ឌកម្មថ្មីនេះផងដែរ ក៏ បន្ថែមទៅលើការបង្កកប្រាក់ដែលមាន រួចហើយទៅលើរបបដឹកនាំកូរ៉េខាងជើង របស់លោក គីម ជុងអ៊ុន នោះ ហើយច្បាប់ នេះទៀតសោតក៏ជាការកាត់បន្ថយការលាងលុយខ្មៅ និងការជួញដូរគ្រឿងញៀន ដែលសកម្មភាពទាំង២នេះត្រូវគេជឿជាក់ ថា បានធ្វើឱ្យរបបដឹកនាំកូរ៉េខាងជើង ទទួលបានលុយរាប់លានដុល្លារនោះ ។
ទីក្រុងព្យុងយ៉ាងបានធ្វើឱ្យពិភពលោកញាប់ញ័រជាខ្លាំងកាលពីខែមករា ឆ្នាំ ២០១៦កន្លងមកនេះ និងបានទទួលរងការ ស្ដីបន្ទោសជាសាកលបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនទទួលជោគជ័យ នៅក្នុងការបាញ់សាកល្បងគ្រាប់បែកធុន ទំនើបប្រភេទ Hydrogen ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ កូរ៉េខាងជើងបានអះអាងថា បានបាញ់ បង្ហោះផ្កាយរណប។ ប៉ុន្ដែសកម្មភាព នេះត្រូវលោកខាងលិចមើលឃើញថា ជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈ ចម្ងាយឆ្ងាយដែលរំលោភលើច្បាប់របស់ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិមិនមែនជាការបាញ់បង្ហោះផ្កាយ រណបនោះឡើយ ។
ស្ថិតនៅក្រោមច្បាប់ដាក់ទណ្ឌកម្មថ្មី នេះគឺមានការដាក់ពិន័យនិងទណ្ឌកម្ម ផ្សេងៗក្នុងនោះមានទាំងការរឹបអូសយកទ្រព្យសម្បត្ដិផងដែរ ការបដិសេធផ្ដល់ ទិដ្ឋាការចំពោះមន្ដ្រីរដ្ឋាភិបាលជាដើម ។
លោក Bob Corker ប្រធានគណៈ កម្មការទំនាក់ទំនងកិច្ចការបរទេសរបស់ ព្រឹទ្ធសភាអាមេរិកបានថ្លែងថា ច្បាប់ ដាក់ទណ្ឌកម្មថ្មីនេះមុនដំបូងគឺបង្កើត បណ្ដាញការងារមួយសម្រាប់ការដាក់ ទណ្ឌកម្មដើម្បីឆ្លើយតបទៅលើការគំរាម កំហែងតាមប្រព័ន្ធអ៊ិនធើណេតពីកូរ៉េខាង ជើង៕ ម៉ែវ សាធី