ចំណេះដឹងទូទៅ៖ បើតាមរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថា ប្រសិនបើអ្នកធ្លាប់ជិះយន្តហោះ អ្នកប្រហែលជាសង្កេតឃើញមានប្រហោងតូចមួយនៅផ្នែកខាងក្រោមបង្អួចយន្តហោះហើរ។ ប៉ុន្តែប្រហោងតូចនេះ មិនបង្កជាហានិភ័យអ្វីដល់អ្នកធ្វើដំណើរឡើយ តែវាបង្កើតឡើងដើម្បីគោលបំណងសុវត្ថិភាពទៅវិញនោះទេ។
ជាក់ស្តែងនៅពេលហោះកាន់តែខ្ពស់ សម្ពាធខ្យល់នឹងកាន់តែធ្លាក់ចុះទៅតាមហ្នឹងដែរ។ បេីទោះជាយ៉ាងណាក៏ដោយ បរិយាកាសនៅក្នុងកាប៊ីនយន្តហោះនៅអាចរក្សាសម្ពាធខ្យល់ក្នុងកម្រិតសុវត្ថិភាពបាន។ នេះបានន័យថា សម្ពាធខ្យល់នៅខាងក្រៅយន្តហោះធ្លាក់ចុះខ្លាំងជាងសម្ពាធខ្យល់ដែលមាននៅក្នុងកាប៊ីន។ ភាពខុសគ្នានេះបានមកពីលក្ខណៈពិសេសនៃការរចនាបង្អួចយន្តហោះ។ បង្អួចយន្តហោះនីមួយៗមានចំនួនកញ្ចក់៣ស្រទាប់។
សូមជម្រាបថា ស្រទាប់កញ្ចក់ខាងក្រៅប្រើសម្រាប់ទប់ទល់ជាមួយភាពខុសគ្នានៃសម្ពាធខ្យល់។ ចំណែកនៅស្រទាប់កញ្ចក់កណ្ដាលវិញមានចោះជាប្រហោងតូចមួយ ដែលគេហៅថា “Bleed Hole”។ រីឯប្រហោងនេះប្រើសម្រាប់គ្រប់គ្រងចរន្តសម្ពាធខ្យល់ឲ្យមានតុល្យភាព ក៏ដូចជារក្សាកម្ដៅ និងទប់ស្កាត់សំណើមមិនឲ្យចុះអ័ព្ទនៅកញ្ចក់បង្អួច។ សរុបមកវិញ ស្រទាប់កញ្ចក់ខាងក្រៅជាអ្នកទទួលសម្ពាធខ្យល់ ឯស្រទាប់កញ្ចក់កណ្ដាលដែលមានប្រហោងវិញជាអ្នករក្សាតុល្យភាពខ្យល់ មិនឲ្យនៅក្នុងកាប៊ីនយន្តហោះមានការធ្លាក់ចុះសម្ពាធដូចនៅខាងក្រៅទេ។
គួរបញ្ជាក់ដែរថា ចំពោះស្រទាប់កញ្ចក់ខាងក្នុងវិញ ត្រូវគេប្រើសម្រាប់ការពារស្រទាប់ខាងក្រៅ និងស្រទាប់កណ្ដាលពីការទទួលរងនូវការខូចខាតណាមួយ ដែលបង្កឡើងដោយអ្នកធ្វើដំណើរ៕ដោយ៖សហការី