ជនជាតិឥណ្ឌូនេស៊ី៤នាក់ ដែលត្រូវបានគេនិយាយថា សុទ្ធតែជាអ្នកដើរតាមគន្លងក្រុមជ្រុលនិយមត្រូវអាជ្ញាធរប្រទេសសិង្ហបុរីនិរទ្ទេសខ្លួន ខណៈដែលមានការចោទប្រកាន់ថា ជនទាំង៤នាក់នោះបាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីប្រទេសស៊ីរី ។
ទីភ្នាក់ងារព័ត៌មាន Merdeka.com បានផ្សព្វផ្សាយថា ជនទាំង៤នាក់នេះមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់៤៩ឆ្នាំ ត្រូវនិរទ្ទេសខ្លួនចេញពីឥណ្ឌូនេស៊ី តាមរយៈដែនដកោះ Batam កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ។ សកម្មភាពនេះ បានកើតឡើយ ក្រោយពេលអាជ្ញាធរប្រទេសសិង្ហបុរីបានចាប់ខ្លួនពួកគេទាំង៤នាក់ ។
បន្ទាប់ពីត្រូវអាជ្ញាធរចាប់ខ្លួន និងសាកសួររួចមក ប៉ូលិសសិង្ហបុរីបានសង្ស័យថា ជនឥណ្ឌូនេស៊ីទាំង៤នាក់បាននិងកំពុងឆ្ពោះទៅកាន់ទឹកដីប្រទេសស៊ីរី ។ លោក Agus Rianto អ្នកនាំពាក្យកម្លាំងប៉ូលិសសិង្ហបុរីបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេត ហើយអាចឈានដល់ការចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ។
ជនទាំងនេះត្រូវបញ្ជូនទៅកាន់ទីក្រុងហ្សាការតា ហើយអង្គភាពប្រឆាំងភេរវកម្មជាតិបាននិងកំពុងសាកសួរ ។
ជនទាំង៤នាក់នេះត្រូវគេដឹងថា ជាអ្នកដើរតាមគន្លងបុរសឈ្មោះ Aman Abdurrahman ដែលជាមេភរវកម្ម និងជាមេរ៉ាឌីកាល់មួយរូបនៅក្នុងឥណ្ឌូនេស៊ី ។ Aman Abdurrahman នៅពេលនេះបាននិងកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងពីបទភេរវកម្ម ។ ជននេះមានឥទ្ធិពលបំផុតនៅក្នុងចំណោមក្រុមភេរវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលបច្ចុប្បន ។ Aman Abdurrahman ត្រូវគេចោទប្រកាន់ថា បានជ្រើសរើស និងបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីរាប់រយនាក់ឲ្យទៅកាន់ទឹកដីស៊ីរី ចូលរួមសកម្មភាពជាមួយក្រុមរដ្ឋអិស្លាម IS ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនទាំង៤នាក់ខាងលើ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាការតា ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ។ ជនសង្ស័យ២នាក់ត្រូវគេដឹងថា ជាបងប្អូនបង្កើតនឹងគ្នា ។
លោក Helmi Santika មន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថា បន្ទាប់ពីមានការស្រាវជ្រាវជាមួយមន្ទីរប្រឆាំងភេរវកម្ម គេបានរកឃើញថា ជនទាំង៤នាក់ខាងលើនេះ ពិតជាមានគោលដៅឆ្ពោះទៅកាន់ប្រទេសស៊ីរីប្រាកដមែន ។
កាលពីសប្តាហ៍មុន ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនមនុស្សជិត៣០នាក់ សង្ស័យថា ជាក្រុមរបស់ក្រុមជ្រុលនិយម ដែលត្រូវចោទប្រកាន់ថា បាននិងកំពុងហ្វឹកហ្វឺនរៀនសូត្រនៅតំបន់ភ្នំដាច់ស្រយាល់មួយកន្លែងស្ថិតនៅក្នុងដែនកោះ Java ។ ទីភ្នាក់ងារព័ត៌មាន Jakarta Globe បានផ្សព្វផ្សាយថា រហូតមកដល់ពេលនេះពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ៥០០នាក់រួចមកហើយបានទៅចូលរួមជាមួយក្រុមរដ្ឋអិស្លាមស្ថិតនៅក្នុងប្រទេសស៊ីរី ខណៈដែលក្នុងចំណោមពួកគេជិត១០០នាក់បានវិលត្រឡប់មកកាន់ប្រទេសកំណើត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត