ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៏ទោ សេង សុជាតិ ឆ្មក់ចូលទៅបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងនៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាអ្នកលេងល្បែងជល់មាន់ចំនួន៤នាក់ ដកហូតមាន់ជល់ខ្នាយដែក ចំនួន៥ក្បាល និងសម្ភារៈមួយចំនួនទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានថ្លែងថា ជនសង្ស័យជាអ្នកលេងល្បែងជល់មាន់ដែលត្រូវបានចាប់ខ្លួនចំនួន៤នាក់នោះ ទី១-ឈ្មោះ ផាន សេ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកបាស ខេត្តតាកែវ ទី២-ឈ្មោះ អ៊ឹង សុខនី ភេទប្រុស អាយុ៣២ឆ្នាំ មានទំនៅក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ទី៣-ឈ្មោះ សួន សុបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងទី៤-ឈ្មោះ អេន យូសុះ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរទិញគោ មានទីលំនៅភូមិត្រាំខ្នា ឃុំសូទី ស្រុកបាទី ខេត្ដតាកែវ ។
លោកវរសេនីយ៏ទោ សេង សុជាតិ បានបន្ដទៀតថា ប្រតិបត្ដិការបង្ក្រាបខាងលើនេះសមត្ថកិច្ចនគរបាលបានធ្វើការដកហូតមាន់ជល់ខ្នាយដែកចំនួន ៥ក្បាល កន្រ្ដក់សម្រាប់ដាក់មាន់ចំនួន៦ និងសំបកស្កុតរំខ្នាយមាន់មួយចំនួនផងដែរ ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថានៅក្នុងភូមិសាស្ត្រភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង មានគេលួចបើកសង្វៀនបញ្ជល់មាន់នៅលើដីទួលមួយកន្លែងនៅក្បែមាត់បឹងប្រាំរយរួចមក រូបលោកនិងលោកអធិការរងបានដឹកនាំកម្លាំងមួយក្រុមចុះទៅឆ្មក់បង្ក្រាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាអ្នកលេងល្បែងបញ្ជល់មាន់ចំនួន៤នាក់ ខណៈដែលជនសង្ស័យជាច្រើននាក់ទៀតរត់គេចខ្លួនចូលទៅក្នុងព្រៃ ។
ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្ដិធម៌ស្រុកស្អាងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ