ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ណាហ្គាវើលបេះដូងសប្បុរស បានអញ្ជើញកីឡាករបាល់ទះ ដែលមានបទពិសោធន៍ ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគេជាមួយសិស្សសាលាអនុវិទ្យាល័យខ្យោង និងសិស្សសាលាអនុវិទ្យាល័យជ័យធំ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទះរបស់ពួកគេ ។
លោកJames Maនាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា “អស់រយៈពេល២០ឆ្នាំចាប់តាំងពីការកកើតរបស់ខ្លួនក្រុមហ៊ុនណាហ្គាវើលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដូចជាកីឡាបាល់ទាត់កីឡាវាយកូនបាល់កីឡាអាស៊ានហ្គេមនិងកីឡាអូឡាំពិកជាដើម។ ណាហ្គាវើលបេះដូងសប្បុរសបានផ្តួចផ្តើមបង្កើតកម្មវិធីបណ្តុះបណ្តាលបាល់ទាត់និងបាល់ទះសម្រាប់កុមារកម្ពុជាក្នុងគោលបំណងដើម្បីផ្តល់ឲ្យពួកគេនូវជំនាញបណ្តុះបណ្តាមូលដ្ឋានក្នុងការលេងបាល់ទាត់និងបាល់ទះ។កម្មវិធីបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍជំនាញជាមូលដ្ឋានក្នុងការលេងបាល់ទាត់និងបាល់ទះ ហើយថែមទាំងបង្កើតវិន័យការធ្វើការងារជាក្រុមធ្វើឲ្យមានឥរិយាបថល្អ និងរាងកាយរបស់សិស្សមានសុខភាពល្អ។តាមរយៈកម្មវិធីកីឡារបស់យើងវាបានកសាងនូវទំនុកចិត្តក្នុងចំណោមកីឡាករវ័យក្មេងរបស់កម្ពុជា។រហូតមកដល់បច្ចុប្បន្ននេះ កុមារកម្ពុជាជាង៦០០នាក់បានទទួលផលប្រយោជន៍ពីកម្មវិធីកីឡាដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស”។
លោកវឿននាយកសាលាអនុវិទ្យាល័យហ៊ុនសែនជ័យធំ បានមានប្រសាសន៍ថា“នេះជាលើកទី២ហើយដែលណាហ្គាវើលបេះដូងសប្បុរសបានរៀបចំការបណ្តុះបណ្តាលបាល់ទះ និងការប្រកួតបាល់ទះមិត្តភាពសម្រាប់សិស្សរបស់យើង។ខ្ញុំបាន និងកំពុងរង់ចាំឱកាសនេះអស់រយៈពេលជាយូរមកហើយ។ពិតណាស់បន្ទាប់ពីការបណ្តុះបណ្តាលបាល់ទះលើកដំបូងសិស្សរបស់យើងបានខិតខំប្រឹងប្រែងអនុវត្តដើម្បីពង្រឹងជំនាញរបស់ពួកគេ។កម្មវិធីបណ្តុះបណ្តាលនេះមានន័យយ៉ាងខ្លាំងដល់សិស្សរបស់យើងក្នុងការអភិវឌ្ឍជំនាញបាល់ទះរបស់ពួកគេ។តាំងនាមឲ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលសម្រាប់ការឧបត្ថម្ភសម្ភារៈកីឡានិងការបណ្តុះបណ្តាលនេះ។ណាហ្គាវើល គឺជាក្រុមហ៊ុនឈានមុខគេដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្ត។យើងសូមជូនពរឲ្យបុគ្គលិកណាហ្គាវើលទាំងអស់ឲ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ”។
លោកស្រីមួនរ៉ានីជាគ្រូបង្វឹកសាលាអនុវិទ្យាល័យខ្យោងបានមានប្រសាសន៍ថា“ណាហ្គាវើលបេះដូងសប្បុរសបានដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍កម្ពុជារបស់យើងដែលមានយើងទាំងអស់គ្នាជាសាក្សីស្រាប់។ថ្ងៃនេះយើងសប្បាយរីករាយក្រៃលែងដោយបុគ្គលិកណាហ្គាវើលបានស្កាត់ពីរាជធានីភ្នំពេញមកទីនេះ ហើយបានចែករំលែកនូវជំនាញនិងបទពិសោធន៍បាល់ទះរបស់ពួកគេជាមួយសិស្សរបស់យើង។នេះជាលើកដំបូងសម្រាប់សាលាអនុវិទ្យាល័យខ្យោងដែលទទួលបានការចាប់រម្មណ៍ និងយកចិត្តទុកដាក់ពីវិស័យឯកជនលើវិស័យកីឡា។យើងសូមអរគុណចំពោះណាហ្គាវើលសម្រាប់ការចូលរួមចំណែកដ៏ក្រៃលែងរបស់ពួកគេក្នុងសកម្មភាពកីឡារបស់យើង”។
មុក ធារិទ្ធជាប្រធានក្រុមសិស្សខ្យោងបាននិយាយថា“យើងសប្បាយចិត្តខ្លាំងណាស់ដែលឃើញបុគ្គលិកណាហ្គាវើលមកទីនេះដើម្បីចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍របស់ពួកគេជាមួយយើង។ការបណ្តុះបណ្តាលបាល់ទះនិងការប្រកួតនឹងជួយបង្កើននូវជំនាញបាល់ទះរបស់យើងនិងរឹតបន្តឹងនូវទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងបុគ្គលិកណាហ្គាវើល និងយើងទាំងអស់គ្នា។យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការផ្តួចផ្តើមរបស់ពួកគេ។វាធ្វើឲ្យយើងមានអារម្មណ៍កក់ក្តៅនិងមានក្តីរំភើប ពីព្រោះមិនមានក្រុមហ៊ុនផ្សេងទៀតនឹងមកចែករំលែកនិងលេងជាមួយយើងដូចដែលបុគ្គលិកណាហ្គាវើលបានធ្វើឡើយ។យើងសូមជូនពរឲ្យពួកគេទាំងអស់គ្នាទទួលបានជោគជ័យក្នុងអាជីពរបស់ពួកគេ។យើងសង្ឃឹមថាយើងនឹងតំណាងឲ្យកម្ពុជានៅក្នុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិនៅថ្ងៃណាមួយជាមិនខាន”៕
ដោយ៖ ស ដារ៉ា