អង្គុយផឹកកាហ្វេបន្លំចែកចាយគ្រឿងញៀនត្រូវនគរបាលក្របួច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ប្រើរូបភាពជាអង្គុយផឹកកាហ្វេរួចបន្លំចែកចាយគ្រឿងញៀនដើម្បីបំភ័ន្ដភ្នែកសមត្ថកិច្ច តែវិធីសាស្ត្រនេះមិនអាចលាក់បាំងសមត្ថកិច្ចបានយូរឡើយទីបំផុតក៏ត្រូវបានចាប់ខ្លួនរួមជាមួយថ្នាំញៀនចំនួន១០កញ្ចប់ ដើម្បីចាត់ការតាមច្បាប់ ។

ករណីបង្ក្រាបឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀននេះបានធ្វើឡើង កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុចរោងកាហ្វេរបស់ឈ្មោះ មឺ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះរ៉ុង ឡាង ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្ដថា ក្នុងប្រតិបត្ដិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ៩កញ្ចប់តូច-១កញ្ចប់ធំ ,ខ្សែដៃក្រឡៃចំនួន១ខ្សែ ,ចិញ្ចៀនក្រឡៃដាំត្បូងចំនួន១វង់ និងទូរស័ព្ទដៃ១គ្រឿង ។

ប្រភពដដែលបានបន្ដទៀតថា យុវជនជាជនជាតិវៀតណាមរូបនេះគឺជាមុខសញ្ញាចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចបានកំណត់និងតាមដាននាពេលកន្លងមក រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានថា យុវជនរូបនេះមានលាក់ទុកថ្នាំញៀនជាច្រើនកញ្ចប់នៅជាប់ខ្លួនចូលទៅអង្គុយផឹកកាហ្វេនៅរោងលក់កាហ្វេរបស់ឈ្មោះ មឺ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចក្នុងការចែកចាយគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ។ ក្រោយមកសមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឆ្មក់ចូលទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យឆែកឆេររកឃើញមានវត្ថុតាងជាក់ស្ដែងក៏ឃាត់ខ្លួនជនសង្ស័យវាយខ្នោះបញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ជនសង្ស័យឈ្មោះ រ៉ុង ឡាង បានសារភាពថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទាំងអស់នេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្ដុំព្រែលៀប រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពចែកចាយបន្ដទៅឲ្យអ្នកប្រើប្រាស់នៅក្នុងរោងកាហ្វេ តែត្រូវបានអស់ល័ក្ខក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕

IMG-20160223-WA0022

IMG-20160223-WA0021

IMG-20160223-WA0023

...

ដោយ៖ ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print