ខេត្តកំពង់ចាម៖ ណាហ្គាវើលបេះដូងសប្បុរសតែងតែផ្តល់នូវជំនួយផ្នែកសម្ភារៈសិក្សាដល់សិស្សក្រីក្រ និងកុមារកំព្រារនៅតាមខេត្តនានា ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ណាហ្គាវើលបេះដូងសប្បុរសបានចែក សម្ភារៈសិក្សាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃត្បះចំនួន ៣៨១នាក់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា“ណាហ្គាវើលបេះដូងសប្បុរសបាននាំយកនូវក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រនិងកុមារកំព្រាដែលកំពុងប្រឈមនឹងភាពលំបាកនៃការខ្វះខាតថវិកាក្នុងការទិញសម្ភារៈសិក្សា។យើងបានចែកសម្ភារៈសិក្សាដល់សិស្សទាំងអស់ចំនួន៣៨១នាក់ ដែលកំពុងត្រូវការជាចាំបាច់នូវសម្ភារៈសិក្សាដែលអាចឲ្យសិស្សានុសិស្សបន្តការសិក្សារបស់ពួកគេបន្តទៀត។ រហូតមកដល់បច្ចុប្បន្ននេះណាហ្គាវើលបេះដូងសប្បុរសបានឧបត្ថម្ភសម្ភារៈសិក្សាជាច្រើនដល់កុមារក្រីក្រកម្ពុជាដែលត្រូវការនូវសម្ភារៈសិក្សាជាចាំបាច់ចំនួនជាង៧០.០០០ (ប្រាំពីរម៉ឺន)នាក់។តាមរយៈការឧបត្ថម្ភនូវសម្ភារៈសិក្សាដល់កុមារកម្ពុជាណាហ្គាវើលបេះដូងសប្បុរសសង្ឃឹមថា កុមារកម្ពុជានឹងត្រូវបានលើកទឹកចិត្តឲ្យខិតខំជាងមុនដើម្បីអនាគតភ្លឺស្វាងរបស់ពួកគេ និងប្រទេសកម្ពុជា” ។
កញ្ញា ជាដានីបុគ្គលិកណាហ្គាវើលផ្នែករៀបចំកម្មវិធីកម្សាន្តដែលបានចូលរួមក្នុងកម្មវិធីនេះបាននិយាយថា“ខ្ញុំរីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីចែកសម្ភារៈសិក្សាដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។ខ្ញុំគិតថាកម្មវិធីនេះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយដល់សិស្សក្រីក្រនិងកុមារកំព្រាដែលមិនមានលទ្ធភាពទិញសម្ភារៈសិក្សាទាំងនេះ។ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះអ្វីដែលក្រុមហ៊ុនរបស់ខ្ញុំបានធ្វើសម្រាប់សហគមន៍របស់យើង” ។
លោកយ៉ាង យុន នាយកសាលាបឋមសិក្សាព្រៃត្បះបានមានប្រសាសន៍ថា“យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការរួមចំណែករបស់ពួកគេ។នេះជាលើកដំបូងហើយដែលក្រុមហ៊ុនឯកជនបានមកទស្សនកិច្ចសិក្សានៅសាលារបស់យើង។សាលារៀនរបស់យើងមានទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលដូច្នេះហើយគ្មានក្រុមហ៊ុនណាធ្លាប់បានមកទីនេះដើម្បីជួយសិស្សរបស់យើងនោះទេ ។ វត្តមានរបស់ណាហ្គាវើលបេះដូងសប្បុរស ខ្ញុំជឿថាកុមារនឹងត្រូវបានលើកទឹកចិត្ត ហើយបន្តការខិតខំសិក្សាបន្តទៀត ដូច្នេះហើយពួកគេនឹងមិនធ្វើឲ្យណាហ្គាវើលបេះដូងសប្បុរសខកចិត្តឡើយ។ខ្ញុំសង្ឃឹមថាណាហ្គាវើលបេះដូងសប្បុរសនឹងនៅតែបន្តការចូលរួមចំណែករបស់ពួកគេដល់ហគមន៍របស់យើង។យើងសូមជូនពរដល់ក្រុមហ៊ុនណាហ្គាវើល និងបុគ្គលិករបស់ខ្លួនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងមុខជំនួញ និងការងារ” ៕
ដោយ៖ ស ដារ៉ា