ភ្នំពេញ៖ ប្រឡាយទឹកមួយខ្សែរបស់ប្រជាពលរដ្ឋធ្វើស្រែ ត្រូវបានឈ្មួញ រកសុីកាប់ដី យកគ្រឿងចក្រឈូសឆាយធ្វើជាផ្លូវសម្រាប់បម្រើប្រយោជន៍ រថយន្ត ចេញចូលដឹកដី ដោយលប់មួយកំណាត់ ទុកចោលមួយកំណាត់ចោលមេម៉ាយ សង្ស័យអាជ្ញាធរ សង្កាត់ខណ្ឌអត់ដឹង ឬមួយដឹងដែរ តែបិទភ្នែកឱ្យឈ្មួញទាំងនោះ លប់ប្រឡាយមេចោល ធ្វើឱ្យពលរដ្ឋ មានដីស្រែជាប់ប្រឡាយនោះ ខ្លះសប្បាយចិត្ត ខ្លះទៀតមិនសប្បាយចិត្ត ខណៈដែលពួកគាត់ ធ្វើស្រែពឹងលើទឹកប្រឡាយ សម្រាប់បង្ហូរទឹកប្រើប្រាស់ក្នុងរបរកសិកម្ម បែរជាលុបប្រឡាយចោលទៅវិញ ។
តាមប្រជាកសិករ ដែលមានដីស្រែជាប់ប្រឡាយនោះបានឱ្យដឹងថា ប្រឡាយមេមួយខ្សែ មានប្រវែងជាង២គីឡូដីពីខាងក្រោយភូមិ ព្រៃកុដ៍ សង្កាត់កំបូល ដល់មុខរវត្ត ស្រះស្រង់ ភូមិស្នួលខ្ពស់ សង្កាត់កំបូល កន្លងមក ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧត្តុនិយមលោក លឹម គៀនហោ បានចាត់ក្រុមការងារ ចុះជួយស្តារ ប្រឡាយ ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ដែលមានរបរស្រែចំការ សម្រាប់ប្រើប្រាស់ទឹក ហើយសព្វថ្ងៃ ពលរដ្ឋដែលមានដីស្រែ អមសងខាងប្រឡាយ មេមួយខ្សែនេះ ពួកគាត់នៅកំពុងប្រើប្រាស់ទឹកប្រឡាយនៅឡើយ តែមានពលរដ្ឋមួយចំនួន សង្ស័យដែលពុំមានដីស្រែជាប់នោះ គាត់ពេញចិត្តចង់បាន លុបប្រឡាយធ្វើផ្លូវទៅវិញ ។ តែទោះជាយ៉ាងណាក៏ដោយ ផ្លូវលំមួយកំណាត់ ដែលឈ្មួញ ឈូសឆាយលប់ ដើម្បីងាយស្រួលចេញចូលកាប់ជីកដឹកដីដែលពលរដ្ឋថា ជាផ្លូវសិប្បនិម្មិត នៅក្នុងទឺកដីភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នេះបង្កឱ្យពលរដ្ឋមានរបរធ្វើស្រែ ជួបការលំបាកទៅវិញ ។
ពលរដ្ឋបានបន្តទៀតថា ប្រឡាយមេប្រវែងជាង២ពាន់ម៉ែត្រ ក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ត្រូវបានឈ្មួញ រកសុីកាប់ដី កាយលប់ ធ្វើជាផ្លូវ អស់ជាង១ពាន់ម៉ែត្រហើយ ពោលគឺលុបចាប់ពីត្រង់ចំណុចទីតាំងដែលឈ្មួញ បម្រុងកាប់ជីកយកអាចម៌ដី ចេញមកផ្លូវធំ ងាយស្រួល ក្នុងការបើកបរដឹកជញ្ជូនអាចម៌ដី ហើយនៅសល់ តួរប្រឡាយមួយកំណាត់ទៀត ទុកចោលឱ្យនៅមេម៉ាយ បង្ខាំងមុខទឹក ទាំងចុងទាំងដើម ។ ក្រោយពីកាយដីលុបប្រឡាយ ខាងលើ ធ្វើឱ្យពលរដ្ឋខ្លះសប្បាយចិត្ត បានផ្លូវទាំង១កំណាត់ ពលរដ្ឋខ្លះ ត្អូញត្អែរ ព្រួយបារម្មណ៍ កើតក្តីកង្វល់ បន្ទាប់ពី មានអ្នកលុបប្រឡាយមេរបស់ ឯកឧត្តម លឹម គៀនហោ ចោលពិបាកនាំទឹក សម្រាប់ធ្វើស្រែ ។
បាតុភាពខាងលើ ត្រូវបានអ្នកពត៌មាន សាកសួរទៅអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានលោក សេង គន្ធ អភិបាលរងខណ្ឌបានឱ្យដឹងថា រងចាំចុះធ្វើការពិនិត្យ ហើយលោកអភិបាល នឹងសម្រេចកាយប្រឡាយបើកផ្លូវទឹកវិញ បន្ទាប់ពីមានប្រជាពលរដ្ឋ មិនចុះសម្រុងគ្នា ខ្លះពេញចិត្ត ខ្លះកើតក្តីព្រួយបារម្មណ៍ព្រោះលុបប្រឡាយទឹក ៕
...
ដោយ៖ សុខាសែនជ័យ