ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាព កីឡាករកីឡាការិនីក្នុងសហព័ន្ធកីឡា សូហ្វតឺន្នីសកម្ពុជាដែលទើបតែបង្កើត ឡើងថ្មីៗនោះសហព័ន្ធបានគ្រោងរៀបចំការប្រកួតមួយដែលប្រសិទ្ធនាមថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ២០១៦នេះបើតាមការអះអាងរបស់អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនៅទីលាន ហ្វឹកហាត់ខាងត្បូងអាងហែលទឹកនៃ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបាន ប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាគ្រោង បើកការប្រកួតមួយដែលប្រសិទ្ធនាមថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលនឹងដំណើរការចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ទើបបញ្ចប់ ។
លោកអគ្គលេខាធិការបានឱ្យដឹងថា ការប្រកួតនេះសហព័ន្ធទទួលបានការ ជួយឧបត្ថម្ភពីសំណាក់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ដ្រីក្រសួងមហាផ្ទៃក្នុងគោលបំណង បង្កើនសិទ្ធផលកីឡាករកីឡាការិនី ដើម្បីជំរុញសិទ្ធផលនិងលើកទឹកចិត្ដ កីឡាករកីឡាការិនីណាដែលមានសមត្ថភាពពិតប្រាកដឱ្យត្រៀមទៅចូលរួមប្រកួត កីឡាសូហ្វតឺន្នីសជើងឯកអាស៊ានលើក ទី១នៅរដ្ឋសាបា ប្រទេសម៉ាឡេស៊ីនា អំឡុងខែមេសា ឆ្នាំ២០១៦ ។
អគ្គលេខាធិការខាងលើបញ្ជាក់ទៀតថា សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាថ្វី ដ្បិតទើបតែចាប់កំណើតនៅកម្ពុជា ក្រោយកីឡាផ្សេងៗមែន ប៉ុន្ដែមានការ ចូលរួមគាំទ្រពីគ្រប់ស្រទាប់មហាជន ក្នុងនោះកីឡាករកីឡាការិនីក៏ខិតខំប្រឹង ប្រែងធ្វើការហ្វឹកហាត់ដើម្បីរកមេដាយជូនប្រទេសជាតិពីការប្រកួតលើឆាក អន្ដរជាតិផងដែរ ។
លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់ ការប្រកួតដែលនឹងដំណើរការនៅថ្ងៃទី១ ខែមីនាខាងមុខនេះ សហព័ន្ធកីឡាសូហ្វ តឺន្នីសកម្ពុជានឹងបញ្ជូនកីឡាករកីឡាកា រិនីចំនួន៩នាក់ទៅចូលរួមការប្រកួត កីឡាសូហ្វតឺន្នីសជើងឯកក្របខ័ណ្ឌអាស៊ាន លើកទី១នៅរដ្ឋសាបា ប្រទេសម៉ាឡេស៊ី គ្រប់កម្រិតអាយុដែលគេបានកំណត់។ ជាមួយគ្នានោះដែរអគ្គលេខាធិការរូប នេះបានរំពឹងក្នុងចិត្ដយ៉ាងខ្ពស់ថា អត្ដ ពលិកសូហ្វតឺន្នីសកម្ពុជាអាចស្វែងរក មេដាយមួយចំនួនពីការប្រកួតនេះយកមកជូនជាតិវិញ ៕
ដោយ៖ សារីម