ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានស្លាប់ដោយដាច់ដៃម្ខាង និងត្រូវអំបែងសុះពេញខ្លួនដោយផ្ទុះគ្រាប់កប់ក្នុងដីបន្សល់ទុកពីសម័យសង្គ្រាមត្រូវចំខណៈជនរងគ្រោះបង្កាត់ភ្លើងដុតគុលឈើងាប់១ដើមដែលមានគ្រាប់នៅក្បែរគុលឈើនៅក្នុងចំការរបស់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចម្ងាយពីផ្ទះជនរងគ្រោះប្រហេល១៥០ម៉ែត្រ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មឿន វី អាយុ៣៨ឆ្នាំ ប្រកបមុខរបរធ្វើស្រែ រស់នៅ ក្នុងភូមិកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពី លោកនុសេនីយ៍ឯក អិត សំអាត នាយប៉ុស្ថិ៍នគរបាល រដ្ឋបាលឃុំចំណោមប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានបង្កាត់ភ្លើង ដុតគុលឈើងាប់ជាង៦ឆ្នាំដែលមានទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រដើម្បីធ្វើចំការ។ ការដុតភ្លើងចាប់តាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង១១យប់ថ្ងៃដដែល។ លុះបន្ទាប់ក្រោយពីជនរងគ្រោះត្រឡប់ពីដើរឆ្លុះសត្វវិញក៏ប្រមូលសំរាមដុតដើមឈើងាប់បន្ថែមទៀតខណៈនោះស្រាប់តែផ្ទុះគ្រាប់ចេញពីភ្លក់ ភ្លើងនោះឡើងត្រូវជនរងគ្រោះបណ្តាលឱ្យស្លាប់មួយរំពេច ដែលជាហេតុបង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិ។
លោកនាយប៉ុស្តិ៍បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះភ្លាមកម្លាំងនគរបាល ប៉ុស្តិ៍ក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវនិងធ្វើការសន្និដ្ឋានឱ្យដឹងថា គ្រាប់កាំភ្លើងដែលផ្ទុះនោះជាប្រភេទគ្រាប់ដេកា៨២ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ត្រូវបានគេយកទៅដាក់កន្លែងដើមឈើនោះជាយូរឆ្នាំមកហើយ ដែលត្រូវដីរសាត់ កប់ចូល ក្បែរគុលឈើធ្វើឱ្យជនរងគ្រោះមិនដឹងថាមានគ្រាប់នៅក្បែរគុលឈើនោះ។ នៅពេលជនរងគ្រោះបង្កាត់ភ្លើងដុតឡើងកំដៅដល់កំរិតក៏គ្រាប់នោះផ្ទុះតែម្តង។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ឱ្យដឹងទៀតថា នៅតំបន់ខាងលើគឺ ជាអតីតសមរភូមិ សង្គ្រាមក្តៅគគុកដែលមានការវាយប្រយុទ្ធគ្នារវាងអតីតកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាល ហើយតំបន់នោះដែរត្រូវគេមើលឃើញថាអាចនៅសេសសល់និងបន្សល់ទុកនៅគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ និងគ្រាប់មីន ដែលជាបញ្ហាប្រឈមបង្កឱ្យប្រជាពលរដ្ឋគ្រោះថ្នាក់ទៀតផងដែរ៕
ដោយ៖ សំ វិច្ឆិកា