សមិទ្ធផលថ្មី សួនច្បារ១៤មករា បាននិងកំពុងលេចចេញរូបរាងជាបណ្តើរៗដើម្បីលើកកម្ពស់សោភណភាពក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ គឺមិនយូរទេ សមិទ្ធផលថ្មី «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត មានទីតាំងជាប់ស្ពានថ្ម ឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងត្រូវលេចចេញជារូបរាងឡើងដើម្បីលើកកម្ពស់សោភណភាព ក្រុងពោធិ៍សាត់។

បើតាម លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទន្ទឹមនឹង «សួនពោធិ៍សាត់» ដែលត្រូវបាននិងកំពុងស្ថាបនានោះ ស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ក៏នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ពីលើសមិទ្ធផលដែលបានធ្វើរួច មានដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវក្រាលកៅស៊ូ បេតុង ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។ល។ 

លោកនាយករដ្ឋបាលបន្ថែមថា សួនច្បារនេះមិនត្រឹមតែលើកកម្ពស់សោភណភាព និងមុខមាត់ខេត្តពោធិ៍សាត់ក្នុងការទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។ ទាំងនេះយើងធ្វើបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា សួនច្បារ១៤មករាពីមុនត្រូវបានស្ថាបនាឡើងក្នុងអំឡុងអាណត្តិដឹកនាំរបស់លោក អ៊ុង សាមី អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង។ ដោយបច្ចុប្បន្នសួនច្បារនេះមានសភាពចាស់ទ្រុឌទ្រោម និងស្មៅដុះទ្រុបនោះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន បានស្ថាបនាឡើងវិញ ដោយបែងចែកជាទីធ្លាការ៉ូឡា សួនច្បារ បង្គោលភ្លើង និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត និងហាត់ប្រាណផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print