កម្ពុជា នឹងអនុវត្តគោលនយោបាយការបរទេសមួយដែលយកវិបុលភាពសេដ្ឋកិច្ចធ្វើជាស្នូល ដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិ ភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ក្រសួងកាករបរទេសកម្ពុជា រៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣” ដែលមាន៤ចំណុចធំៗ និងបានប្រកាសដាក់ឲ្យអនុវត្ត នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះតទៅ ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គំនិតស្តីពីការបញ្ចូលការងារសេដ្ឋកិច្ចឲ្យទៅជាសមាសភាគដ៏សំខាន់និងខានមិនបាននៃការងារការទូតរបស់យើងមានតាំងពីឆ្នាំដំបូងនៃការចូលមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ឯកឧត្តមមកម្ល៉េះ ។ គោលនយោបាយនេះត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រីគាំទ្រយ៉ាងពេញលេញ ដោយសម្តេចបានបញ្ជាក់ថា ការទូតសេដ្ឋកិច្ចគឺជាអាទិភាពមួយសម្រាប់គោលនយោបាយការបរ ទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពកំណើននិងដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងូរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន គឺកត្តាធំជាងគេ២ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស ។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ ។ កត្តាធម្មជាតិមួយនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកំរិតមិនធ្លាប់មានប៉ុណ្ណោះទេ ប៉ុន្តវាបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិជ្រាលជ្រៅ។បើទោះបីជាមានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើលឃើញអំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ចពិភពលោកនោះដែរ។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា អ្វីដែលធ្ងន់ធ្ងរនោះគឺការរួមបញ្ចូលគ្នានៃកត្តាទាំងពីរក្នុងពេលតែមួយពោលគឺរដ្ឋាភិបាលត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និង ដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដែល បណ្ដាលមក ពីការរាតត្បាតនៃជំងឺនេះផង។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA 20% ។

ស្ថានការណ៍ដូចបានរៀបរាប់ខាងលើនេះ កាន់តែបញ្ជាក់ឱ្យយើងឃើញច្បាស់ពីភាពត្រឹមត្រូវ និងចាំបាច់បំផុត ក្នុងការផ្លាស់ប្តូររបៀបរបបការងារ ពីការធ្វើការទូតប្រពៃណី មកជាការទូតដែលផ្តោតសំខាន់ដល់ការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ពោលគឺការអនុវត្តគោលនយោបាយការបរទេសមួយដែលយកវិបុលភាពសេដ្ឋកិច្ចធ្វើជាស្នូល។ គ្មានប្រទេសណាដែលបានទទួលជោគជ័យ ដោយមិនយកបញ្ហាសេដ្ឋកិច្ចធ្វើជារបៀបវារៈ សំខាន់របស់ខ្លួនឡើយ។

ក្រសួងការបរទេសបានប្តេជ្ញារៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ដើម្បីជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើ ជំនួយ ពីខាងក្រៅ និងលើកកម្ពស់ ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ០៤ធំៗ រួមមាន៖ ១) ការជំរុញពាណិជ្ជកម្មអន្តរជាតិ, ២) ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស ៣) ការលើកកម្ពស់វិស័យ ទេសចរណ៍ និង ៤) ការជំរុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ)។

តាមរយៈយុទ្ធសាស្រ្តខាងលើ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដើរតួនាទី៖ (ទី១) ជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស, និង(ទី២). អភិវឌ្ឍធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ។

គូសបញ្ជាក់បន្ថែមថា នៅក្នុងការរៀបចំអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ ក្រសួងការបរទេសពុំមានភារកិច្ចដើរតួនាទីជំនួសឱ្យ ក្រសួង ស្ថាប័នជំនាញ ដែលកំពុងអនុវត្តការងារនេះស្រាប់នោះទេ។ ដើម្បីធានាអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជនផងដែរ។ ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ជំនាញ និងភាគីពាក់ព័ន្ធនានានឹងបង្កើនការគាំទ្រដល់ការអនុវត្តឯកសារយុទ្ធសាស្រ្តនេះ ពោលគឺការជំរុញ និងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print