ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ប្រើពិលឆក់ ឆក់និងវាយយុវជន២នាក់ ប្លន់យកម៉ូតូMSXបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងកើតវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
បើតាមការរៀបរាប់ពីជនរងគ្រោះទាំង២នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូMSX ពណ៍សលាយខ្មៅ មិនចាំស្លាកលេខ បានជិះតាមបណ្តោយផ្លូវម៉ៅសេទុងពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានជិះមកក្បែររួចគៀរឱ្យឈប់ហើយដោះមួកសុវត្ថិភាពវាយមកលើពួកគេ និងមានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកទាំង៤ នាក់នោះបានយកពិលឆក់ ឆក់មកលើពួកគេបណ្តាលឱ្យរងរបួសទាំង២នាក់ ។ ប្រភពដដែលបន្តថា ពេលកំពុងប្រតាយប្រតប់គ្នាពួកគេបានខំប្រឹងស្រែកដើម្បីឱ្យគេជួយដែរ ប៉ុន្តែមិនមាននណារម្នាក់ហ៊ានជួយនោះទេ ទើបក្រុមជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុពួកគេបានទំនាក់ទំនងទៅមិត្តភក្រ្តឱ្យមកដឹកទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ ។ដោយៈជីម ភារ៉ា ដង្កោ







