ខណៈ​ស្ថានភាព​ទណ្ឌិតនៅខេត្តក្រចេះ​ កើនឡើង​លើស​ចំណុះ​​ ត្រូវ​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖ បេីតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ អូត ស៊ី​​វុ​ត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ​កាលពី​ថ្ងៃ​ទី​១៧ ​មក​រា ​២០២១​ម្សិលមិញនេះ​ បានបញ្ជាក់ថា​ ទណ្ឌិត​ប្រមាណ​​៨៧​នាក់​ ស្ថិត​ក្រោម​ការ​​ឃុំខ្លួន​ពី​បទ​ចោទ​ផ្សេង​ៗ​គ្នា​ក្រោយ​ស្ថាប័ន​តុលាការ​សម្រេច​ដាក់​ពន្ធ​នាគារ ​ត្រូវ​បាន​​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ខណៈដែលស្ថានភាព​នៅខេត្តក្រចេះ​ ចំនួន​អ្នក​ជាប់​ទោស​មាន​កំណើនកើនឡើង​លើស​ចំណុះ​។ ជាមួយគ្នានេះ​ស្នងការ​នគរបាល​ខេត្ត​ បន្ថែមទៀតថា​ ចំពោះការ​សម្រេច​បញ្ជូន​ទណ្ឌិត ត្រូវបានកងកម្លាំង​នគរ​បាល​ ការ​ពារ​យ៉ាង​តឹង​រឹង​ ទាំង​ការ​ការ​ពារ​ពេល​ដឹក​ជញ្ជូន​មក ​និង​ការ​ការពារពេល​ទទួល​ផ្ទេរ​ប​ញ្ជូ​ល​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​។

លោកឧត្តមសេនីយ៍ទោ អូត ស៊ី​​វុ​ត្ថា បានបញ្ជាក់ទៀតថា​ ក្នុងប្រតិបត្តិការដឹកជញ្ជូនអ្នកទោសខាងលេីនេះ​ ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ​រួម​មាន​កម្លាំងការិយាល័យ​ចម្រុះ​បាន​បែក​ចែក​ជា​ក្រុម​តាម​គោលដៅ​ដើម្បី​ការពា​សន្តិសុខ ​ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ខេត្តក្រចេះ​ដឹក​ជញ្ជូន​ទណ្ឌិត​ចំនួន​៨៧​នាក់ ​ផ្ទេរ​មក​ឃុំ​បន្ត​នៅ​ពន្ធ​នាឮគារ​ខេត្តស្ទឹងត្រែង​។ ​ជាក់ស្តែងជា​លទ្ធផល​ពុំ​មានការ​រាំងស្ទះ​ និង​ខកខាន​ចំណុច​ណា​នោះទេ​។

ដោយឡែកលោក​ឈុ​ន ដា​រ៉ា​ ​នាយក​ពន្ធនាគារ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៨ ​ខែមក​រានេះ​ បានអះអាងដែរ​ថា ​កាលពី​ថ្ងៃ​ទី១៧​ មករាម្សិលមិញនេះ​ ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ពិតជា​បាន​ទទួល​ទណ្ឌិត​មក​ពី​ខេត្តក្រចេះ​ចំនួន​៨៧នាក់ ប្រាកដ​មែន​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​ព​ន្ឋ​នាគារ​ខេត្ត​ក្រចេះ​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ហើយ​ថ្នាក់លើ​ក៏​បាន​សម្រេច​តាម​ការ​ស្នើ​សុំ​ដោយ​ផ្ទេរ​ទណ្ឌិត​ទាំងនោះ​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​។

ជុំវិញបញ្ហានេះ​ លោក នុ​ត សាវ​នា នាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ក៏បានអះអាងប្រាប់អ្នក​សារព័ត៌​មានតាមទូស័ព្ទនៅថ្ងៃ​ទី​១៨​ ខែ​មក​រា​នេះ​ថា​ ការ​ផ្ទេរ​ទណ្ឌិត​ចំនួន​៨៧​នាក់​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ​មក​កាន់​ខេត្តស្ទឹងត្រែង​ដោយសារ​តែ​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​មាន​ចំនួន​អ្នក​ជាប់​ឃុំ​រហូត​ដល់​ទៅ​៧០៧​នាក់​ខណៈ​ពន្ធនាគារ​ខេត្ត​នេះ​ អាច​ដាក់​អ្នក​ជាប់​ឃុំ​បាន​ក្រោម៤០០នាក់​ប៉ុណ្ណោះ​។​ ដោយសារ​ទីតាំង​មាន​លក្ខណៈ​

តូច​ចង្អៀត​។

ជាមួយគ្នានេះ​ លោក នុ​ត សាវ​នា អះអាងបន្តថា​ ​ពន្ធនាគារ​នៅ​ខេត្ត​ស្ទឹងត្រែង​ មាន​លក្ខណៈ​ធំ​ទូលាយ​បន្ទាប់​មានការ​សង់​អគារ​បន្ថែម​ជា​បន្តបន្ទាប់​ដែល​អាច​ដាក់​អ្នក​ជាប់​ឃុំ​បាន​ចំនួន​ច្រើន ​។​ បន្ថែមពីនេះ​ លោកនាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រូបនេះ​ អះអាងទៀតថា​ ម្យ៉ាងវិញទៀត​ ពន្ធ​នាគារ​ខេត្តក្រចេះ​ និង​ស្ទឹង​ត្រែង​ស្ថិត​នៅ​ភូមិភាគ​ឦសាន​តែ​មួយ​ ចឹងវាបង្ក​លក្ខណៈ​ងាយស្រួល​ស​ម្រាប់​សាច់ញាតិ​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​។​​ ចំណែកការ​នាំ​ខ្លួន​អ្នក​ជាប់​ឃុំ​ឡើង​សាវ​នា​ការ​ទៅសាលាដំបូង​ខេត្ត​ក្នុង​តំបន់​ជិត​គ្នា​ ក៏​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ផង​ដែរ​៕ដោយ៖ស​ តារា

រូបភាព៖ឯកសារ​ លោក នុ​ត សាវ​នា នាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print