ភ្នំពេញ៖ សហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៦-២៧ខែមីនាឆ្នាំ២០១៦ខាងមុននេះ ខ្លួននិងបន្តសកម្មភាពប្រកួតកីឡាទាញ ព្រ័ត្រដណ្តើមពានរង្វាន់ឧស្សាហកម្មកាត់ដេរលើកទី៤ ដើម្បីទាក់ទាញការចាប់អារម្មណ៍បន្ថែមមួយកម្រិតទៀតពីយុវជន ពីព្រោះកីឡាទាញ ព្រ័ត្រគឺជាប្រភេទកីឡាប្រពៃណីនិងសម័យផងដែរ។
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា តាមពិតកីឡាទាញព្រ័ត្របានកើតតាំងពីមុនកីឡាអូឡាំពិកទៅទៀត ហើយប្រទេសដែលនិយមលេងជាងគេ មានជប៉ុននិងចិន ដូច្នេះហើយបានជប៉ុនទាមទារដាក់កីឡាទាញព្រ័ត្រនេះទៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ក្នុងនោះជប៉ុនក៏សង្ឃឹមថាកម្ពុជាអាចដាក់កីឡាករកីឡាការិនីទៅចូលរួមប្រកួតដែរ។
ប្រធានសហព័ន្ធរូបនេះបន្តទៀតថា បើទោះបីសហព័ន្ធនៅមិនទាន់បានក្រសួងអប់រំទទួលស្គាល់ជាផ្លូវការ ប៉ុន្តែចាប់តាំងពីសហព័ន្ធបង្កើតឡើង យើងបានបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកទេស អាចគ្របគ្រងកម្មវិធថ្នាក់ជាតិបាន តែថ្នាក់ក្រោមជាតិយើងនូវមិនទាន់បានបណ្តុះបណ្តាលនោះទេ។ ពីព្រោះសហព័ន្ធមិនទាន់មានប្រភពចំណូលសម្រាប់ទ្រទ្រងច្បាស់លាសនៅឡើយ។ ទោះបីយ៉ាងណា យើងរៀបចំការប្រកួតពានរង្វាន់ឧស្សហកម្មកាត់ដេរឡើងដើម្បីជំរុញការចាប់អារម្មណ៍និងគាំទ្រពីយុវជន ឲ្យស្រលាញ់និងចូលចិត្តលេងកីឡាទាញព្រ័ត្រ ដែលមានចរិកលក្ខណៈបែបបប្រពៃណី វប្បធម៌ និងការរួបរួមគ្នាជាធ្លុងមួយរបស់យុវជនក្នុងក្រុមនីមួយៗទើបអាចទាញឈ្នះដៃគូ។
ពាក់ព័ន្ធនិងកម្មវិធីប្រកួតកីឡាទាញព្រ័ត្រដណ្តើមពានរង្វាន់ឧស្សាហកម្មកាត់ដែរខាងលើនេះដែរ លោក ឯម ហៀង អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា លក្ខខណ្ឌនិងច្បាប់ប្រកួតកីឡាទាញព្រ័ត្រ យើងមានបទបញ្ជាការប្រកួតដូចជា ចំណុចទីឬហៅថាខ្សែបន្ទាត់ចំនួន៣ ខ្សែទី១នៅចំណុចកណ្តាល ខ្សែទីនិងទី៣នៅខាងក្រោយគូភាគីប្រកួត ។ លក្ខខណ្ឌដែលចាត់ទុកថា ក្រុមម្ខាងណាឈ្នះលើដៃគូប្រកួតរបស់បានដោយជោគជ័យនោះ កំណតទៅលើលទ្ធផលឈ្នះចំនួន២សិត៥ជាប់គ្នា ប៉ុន្តែបើករណីក្នុងចំណោម២សិតខាងលើក្រុមទាំង២ទាញឈ្នះមួយប្រកួត ត្រូវតែទាញសិតទី៣ដើម្បីកាត់សេចក្តីរកអ្នកឈ្នះ៕
ដោយ៖ សារីម