ចៅក្រមស៊ើបសួរចេញដីកាបង្គាប់អោយ អនុរដ្ឋលេខាធិការ២នាក់ ចូលបំភ្លឺ ក្រោយព្រះរាជអាជ្ញា ចោទប្រកាន់ជាផ្លូវការពីបទ «ឆបោក» ខណ:អ្នក២នៅបំពេញការងារដដែល !

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា,កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ គឺលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចូលខ្លួន២ដាច់ដោយឡែកពីគ្នា កោះហៅ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលបំភ្លឺជាបន្តបន្ទាប់។ ប៉ុន្តែចំពោះដំណើរការនីតិវិធីនោះ គេពុំទាន់ដឹងថា ចៅក្រមស៊ើបសួរត្រូវសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទនោះនៅឡើយទេ ខណ:អ្នកទាំងពីរកំពុងនៅបំពេញការងាររាល់ថ្ងៃ។

តាមប្រភពព័ត៌មានដែល អង្គភាព នគរដ្រេហ្គន ទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ គឺ លោក មាស សាវឿន អាយុ៦០ឆ្នាំ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវចូលបំភ្លឺនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២រសៀល ។ ចំណែក លោក ឆែម ពេត អាយុ៤៨ឆ្នាំ ជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវចូលបំភ្លឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា, ដីកាបង្គាប់អោយចូលខ្លួន របស់ចៅក្រមស៊ើបសួរ នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អនុរដ្ឋលេខាធិការទាំង២នាក់ នេះ ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីទំហំ២ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ គឺ ជនត្រូវចោទទាំង២នាក់ លោក មាស សាវឿន និង លោក ឆែម ពេត ត្រូវដាក់អោយស្ថិតក្រោមការចោទប្រកាន់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជុំវិញបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់សារពត៌មាន ថា , ជានីតិវិធី ព្រះរាជអាជ្ញា ត្រូវជូនដំណឹងស្តីពីការការចោទប្រកាន់ មកកាន់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នសាម៉ី ហើយ លោក មាស សាវឿន ត្រូវចូលរួមនីតិវិធី ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ដូចគេដូចឯងជាធម្មតា ។

បើតាមលោក ជិន ម៉ាលីន គឺ ពេលនេះ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កំពុងបំពេញមុខងារនិងតួនាទី ជាធម្មតា ដោយសារលោកត្រឹមជាជនសង្ស័យ ដោយពុំទាន់មានសាលក្រមផ្តន្ទាទោស នៅឡើយទេ ។

លោក មាស សាវឿន ដែលជាអតីតអភិបាលរងខេត្តព្រះវិហារ ផងនោះ ក៏រងបណ្តឹងពីមុនមកដែរ។ គេកំពុងរង់ចាំ ថាតើវាសនារបស់លោកអនុរដ្ឋលេខាធិការទាំងពីររូបខាងលើ អាចត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ឬមួយយ៉ាងណា ខណៈបច្ចុប្បន្នខាងតុលាការមិនទាន់ជូនដំណឹងជុំវិញរឿងក្តីនេះទៅកាន់ស្ថាប័នក្រសួងសមីខ្លួននៅឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print