ព្រោះតែ​COVID-19​! តៃវ៉ាន់ សម្រេចលុប​ចោលការ​ប្រារព្ធ​ពិធីបុណ្យ​គោម​ដ៏​ធំ

ចែករំលែក៖

​អន្តរជាតិ៖​ តៃវ៉ាន់ បន្ទាប់ពីមាន​ក្ដីបារម្ភ​ចំពោះករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កើន​ឡើងវិញ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​ បានលុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ​បង្ហោះគោម​ដ៏​ធំ​មួយ ដែល​នឹង​ធ្វើឡើង​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ចិន​នាពេល​ខាងមុខនេះ​។​

​ជាក់ស្តែងតៃវ៉ាន់​ កាលពីថ្ងៃទី​១៩ ខែមករា​ ឆ្នាំ២០២១ បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​ថ្មី​ចំនួន​៤ ដែលជា​ចំនួន​ច្រើន​សម្រាប់​ប្រទេស​នេះ​ក្នុង​រយៈពេល​១១​ខែ​ចុងក្រោយ​។ ករណី​វិជ្ជមាន​ថ្មី​បាន​កើតឡើង នៅក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង Taoyuan ។ រដ្ឋាភិបាល​ក៏បាន​ផ្ទេ​អ្នកជំងឺ​ជាង​២០០​នាក់ ចេញពី​មន្ទីរពេទ្យ​នេះ​ទៅ​កន្លែង​ផ្សេង​។​

​បេីតាមរដ្ឋមន្ត្រី​គមនាគមន៍​និង​ទំនាក់ទំនង លោក Lin Chia-lung ប្រាប់​ទីភ្នាក់ងារ​ពត៌មាន Reuters ថា ពិធីបុណ្យ គោម​នៅ​តៃវ៉ាន់ ដែល​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​សម្គាល់​ការបញ្ចប់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ត្រូវបាន​រំសាយ​ចោល​ព្រោះតែ​កូ​វីដ​-១៩ ។

​លោក Lin បន្តថា​ ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​នេះ​តែង​មានការ​បង្ហោះគោម និង​មាន​ការបាញ់​កាំជ្រួច ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់ពាន់នាក់​។ ​បន្ថែមពីនេះលោក​ ថា ការរំសាយ​នេះ​ជាការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ ប៉ុន្តែ​កិច្ចការពារ​ការរីក​រា​ល​ដាល​កូ​វីដ​-១៩ ជា​អាទិភាព​ដំបូង​។

ដោយឡែកជុំវិញបញ្ហានេះដែរ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែលមាន​ទីតាំងនៅ​ទីក្រុង Hsinchu ដែលជា​កន្លែង​ត្រូវ​ប្រារព្ធ​ពិធី បាន​ស្នើឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​រំសាយ​កម្មវិធី​បុណ្យ​នេះ ព្រោះ​បារម្ភ ពី​ការរីក​រាលដាល​ជា​សហគមន៍​ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​។ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំជាងគេ​ក្នុង​ពិភពលោក​របស់​តៃវ៉ាន់ Taiwan Semiconductor Manufacturing Co ក៏មាន​រោងចក្រ​នៅ​ទីក្រុង​នោះដែរ​។

​គួរបញ្ជាក់ថា​ បេីគិត​មកដល់ពេលនេះ​ កោះតៃវ៉ាន់​ ​មាន​ករណី​កូ​វីដ​-១៩ សរុប​ចំនួន ៨៦៨​ករណី ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​មកពី​ប្រទេសក្រៅ ហើយ​ក៏មាន​អ្នកស្លាប់​ចំនួន​៧​នាក់​ដែរ​៕ដោយ៖ស​ តារា

...

រូបភាព៖ឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print