នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង៖ យើងរំពឹងនឹងអាចចាប់ប្រើ ថ្នាំថ្មី “CT-P59” ផលិតនៅកូរ៉េផ្ទាល់ សម្រាប់ព្យាបាលកូវីដ-១៩ ពីខែកុម្ភៈក្រោយទៅ

ចែករំលែក៖

កូរ៉េខាងត្បូង៖ បើយោងតាមប្រភពពីគេហទំព័រ(ខ្មែរនៅកូរ៉េ News) បានចុះផ្សាយឲ្យដឹងថា, បេក្ខភាពថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ផលិតក្នុងស្រុកកូរ៉េខាងត្បូងអាចនឹងត្រូវដាក់ឱ្យ​ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ចាប់ពីដើមខែកុម្ភៈខាងមុខនេះហើយ នេះតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង កាលពីពេលកន្លងទៅនេះ ដោយគេហទំព័រ(ខ្មែរនៅកូរ៉េ News) នេះ បានដកស្រង់ពីសេចក្តី រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ប្រភពនៃគេហទំព័រដដែលបានបញ្ជាក់ថា, លោកនាយករដ្ឋមន្ត្រី ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) បានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំអន្តរក្រសួងមួយថា កូរ៉េខាងត្បូងអាចនឹងចាប់ផ្តើមប្រើប្រាស់ថ្នាំថ្មីនេះ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចាប់ពីដើមខែក្រោយនេះហើយ ប្រសិនបើដំណើរការត្រួតពិនិត្យបន្តដោយរលូន និងមិនមានបញ្ហាអ្វីនោះទេ។

តាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី អជ្ញាធរសុខាភិបាលកំពុងបង្កើតនូវគណៈកម្មការជំនាញវាយតម្លៃលើសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំព្យាបាលជំងឺកូវីដ ដែលជាបេក្ខភាពរបស់ក្រុមហ៊ុនវេជ្ជសាស្រ្តដ៏ធំរបស់កូរ៉េខាងត្បូង ក្រុមហ៊ុន Celltrion។ ថ្នាំនេះឈ្មោះថា “CT-P59” ហើយត្រូវបានក្រុមហ៊ុន Celltrion ធ្វើតេស្តដំណាក់កាលទី២ កន្លងមកហើយលើអ្នកជំងឺកូវីដ-១៩ ចំនួន ៣២៧នាក់ ដើម្បីអាចពិនិត្យតាមដានពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំនេះ។

លទ្ធផលនៃការធ្វើតេស្តដំណាក់កាលទី២នេះ បង្ហាញពីប្រសិទ្ធភាពនៃការកាត់បន្ថយនៃរយៈពេលព្យាបាល និងទប់ស្កាត់ការវិវត្តន៍នៃស្ថានភាពជំងឺផងដែរ ដែលលទ្ធផលវិជ្ជមានបង្ហាញថាថ្នាំនេះអាចជួយកាត់បន្ថយអត្រានៃការវិវត្តន៍ស្ថានភាពជំងឺទៅស្ថានភាពធ្ងន់ធ្ងរ បានដល់ ៥៤% ឯណោះ សម្រាប់អ្នកជំងឺដែលមានស្ថានភាពស្រាល និងមធ្យម និងកាត់បន្ថយអត្រានៃការវិវត្តន៍ស្ថានភាពជំងឺទៅស្ថានភាពធ្ងន់ធ្ងរ ដល់ទៅ៦៨% សម្រាប់អ្នកជំងឺស្ថានភាពមធ្យមដែលមានអាយុពី៥០ឡើងទៅ។

ថ្នាំ “CT-P59” នេះជាប្រភេទថ្នាំចាក់ចូលតាមសរសៃឈាមសម្រាប់រយៈពេល ៩០នាទី៊។ ក្រុមហ៊ុនវេជ្ជសាស្រ្តនេះ បានបញ្ជាក់ថាថ្មីៗនេះខ្លួនបានដាក់ឯកសារសំណើសុំការអនុញ្ញាតទៅកាន់ក្រសួងជំនាញ ដើម្បីអាចដាក់ឱ្យថ្នាំនេះប្រតិបត្តិការលើទីផ្សារបាន ក្នុងលក្ខខណ្ឌមានកម្រិត។

ជាមួយនឹងការប្រកាសពីការរំពឹងទុកនៃលទ្ធភាពអាចដាក់ឱ្យដំណើរការបាននាពេលឆាប់ៗខាងមុខនេះ ក្រុមអ្នកជំនាញវាយតម្លៃក៏បានណែនាំឱ្យក្រុមហ៊ុនរៀបចំធ្វើតេស្តថ្នាំនេះបន្ថែមទៀតលើប្រភេទនៃអ្នកជំងឺផ្សេងៗគ្នាទៀត ហើយក្រុមហ៊ុនក៏បានលើកពីផែនការរៀបចំធ្វើតេស្តដំណាក់កាលទី៣ នៅប្រទេសផ្សេងៗចំនួន១០ ដើម្បីអាចប្រមូលទិន្នន័យសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំនេះបានកាន់តែប្រសើរឡើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print