ភ្នំពេញ៖ ទីបំផុត! ជនដៃដល់ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ អតីតនាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ដែលបាញ់សម្លាប់ប្រពន្ធ និងកូនរងរបួសនោះ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀលនិងម្នាក់ទៀត៣០លានរៀលក្រោមការចោទប្រកាន់ពីបទ«ឃាត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ ចំណែកសាលក្រមនេះ ក៏បានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
គួររម្លឹកថា បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា៨និង១០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានមានមានករណីឃាតកម្មមួយកើតឡើងនៅមុខមន្ទីរព្យាបាលសែនសុខ(IU) ផ្លូវលេខ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយខ្មាន់កាំភ្លើងបានបាញ់ចំនួន២គ្រាប់ ចូលក្នុងរថយន្តឡិចស៊ីសRX៣០០មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២M-៣០៥០ បណ្តាលឲ្យជនរងគ្រោះជាម្តាយស្លាប់ និងកូនរងរបួស ។
របាយការណ៍ដដែលបន្តថា ស្ត្រីរងគ្រោះជាម្តាយឈ្មោះ សូរ ពៅមរកត អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងកូនស្រីឈ្មោះ ជា អារីយ៉ា អាយុ៧ឆ្នាំ របួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកណ្តាល បានធ្វេីការឃាត់ខ្លួនជនដៃដល់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។
ដោយឡែកនៅពេលឃាត់ខ្លួន ជនជនដៃដល់បានឆ្លើយសារភាពថា៖ មូលហេតុដែលខ្លួនប្រើកាំភ្លើងខ្លីបាញ់អតីតប្រពន្ធនិងកូនចំនួន២គ្រាប់ចូលក្នុងរថយន្តបណ្តាលឲ្យមានស្លាប់និងរបួសនោះ គឺដោយសារតែភ្លើងប្រចណ្ឌ ។ ពួកគេបានលែងលះគ្នាអស់រយៈពេលច្រើនខែហើយប៉ុន្តែនៅតែមិនដាច់អាល័យពីអតីតប្រពន្ធនិងកូន ។ជនដៃដល់ឆ្លើយទៀតថា ក្រោយពីលែងលះគ្នាមក គេតែងតែសង្កេតឃើញអតីតប្រពន្ធទាក់ទងជាមួយបុរសម្នាក់ ហើយខ្លួនធ្លាប់និយាយថា ប្រសិនបើលែងលះជាមួយរូបគេហើយ ទៅយកបុរសម្នាក់នោះ គឺគេនឹងតាមបាញ់សម្លាប់។
ប្រភពខាងលេីបន្តថា លុះនៅយប់ថ្ងៃទី៦ ខែមេសានោះ រូបគេបានតាមដានឃើញអតីតប្រពន្ធនិងកូនស្រី ជិះរថយន្តជាមួយបុរសនោះមែនទើបកើតមានកំហឹងប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធនិងកូនស្រីខ្លួនឯងទៅវិញ ។ ក្រោយពេលបាញ់រួចហើយ រូបគេបានរត់គេចខ្លួនមកផ្ទះបងស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក៏ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនតែម្តង៕ដោយ៖សហការី