មន្ត្រីអាកាសយានដ្ឋានម្នាក់បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា យន្តហោះធុនតូចមួយគ្រឿងមានអ្នកដំណើរ២១នាក់ ក្នុងនោះមានជនបរទេស២នាក់ផងដែរបានបាត់ខ្លួនមិនដឹងថា ហោះហើរទៅកាន់ទីណានោះឡើយ ខណៈដែលកំពុងស្ថិតនៅភាគខាងលិចប្រទេសនេប៉ាល់ ។
យន្តហោះធុនតូច Twin Otter ប្រតិបត្តិការដោយក្រុមហ៊ុន Tara Air ដឹកអ្នកដំណើរ១៨នាក់ និងអាកាសយានិក៣នាក់ហោះហើរចេញពីអាកាសយានដ្ឋាន Pokhara ចម្ងាយ១២៥គីឡូម៉ែទ្រភាគខាងលិចទីក្រុង Kathmandu ក្នុងគោលដៅឆ្ពោះទៅកាន់តំបន់ Jomsom នោះ ស្រាប់តែបាត់ដាន បាត់ការទំនាក់ទំនង ។
អាកាសយានដ្ឋាន Jomson ស្ថិតនៅតំបន់ Himalay ធ្វើដំណើរដោយការហោះហើរតែ២០នាទីប៉ុណ្ណោះមកពីទីក្រុង Pokhara គឺទៅដល់ហើយ ។ ក្រោយការបាត់ដានយន្តហោះខាងលើនេះ ឧទ្ធម្ភាគច្រក២គ្រឿងបានចាប់ផ្តើមចេញធ្វើសកម្មភាពស្វែងរក ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ គែមិនទាន់ឃើញដានយន្តហោះដែលបាត់ខ្លួននោះនៅឡើយទេ ។
អ្នកនាំពាក្យកម្លាំងទាហាននេប៉ាល់បានអះអាងថា ផ្សែងអ័ព្ទជាឧបសគ្គនៅក្នុងការរុករកយន្តហោះដែលបាត់ខ្លួននេះ ។ លោក Tara Bahadur Karki បានថ្លែងថា ក្រុមជួយសង្គ្រោះបានដាក់ពង្រាយនៅគ្រប់ទីកន្លែង ប៉ុន្តែអាកាសធាតុមិនល្អប្រសើរនោះទេ គឺមានការធ្លាក់ផ្សែងអ័ព្ទធ្វើឲ្យលំបាកដល់ការស្វែងរក ។ យន្តហោះនៅមិនទាន់រកឃើញនៅឡើយ ។
ការធ្វើដំណើរតាមអាកាសជារឿងពេញនិយមនៅក្នុងប្រទេសនេប៉ាល់ ដែលមានផ្លូវហាមឃាត់តែមួយប៉ុណ្ណោះ ។ សហគមន៍ជាច្រើនជាពិសេសសហគមន៍នៅតំបន់ភ្នំតែងតែធ្វើដំណើរតាមអាកាសតែប៉ុណ្ណោះ ។
កាលពី២ឆ្នាំកន្លងទៅ យន្តហោះ Twin Otter មួយគ្រឿងរបស់ក្រុមហ៊ុនរដ្ឋ Nepal Airlines បានហោះបុកភ្នំភ្លាមៗ បន្ទាប់ពីចាប់ផ្តើមចេញដំណើរពីអាកាសយានដ្ឋាន Pokhara ។ ហេតុការណ៍នៅពេលនោះបណ្តាលឲ្យមនុស្ស១៨នាក់បាត់បង់ជីវិត ៕