វិលរកសិល្បៈវិញសេន រ៉ានុត ធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងបទចម្រៀងមនោសញ្ចេតនា២បទ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលេចដំណឹងឈានជើងចូលច្រៀងជាថ្មីនោះ ពេលនេះ តារាចម្រៀងស្រស់សង្ហា លោក សេន រ៉ានុចបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន២បទហើយក្នុងផលិតកម្មZone Production ដែលសុទ្ធតែជាបទមនោសញ្ចេតនាស៊ីជម្រៅ។ បទចម្រៀងនេះបានធ្វើឲ្យអ្នកដែលធ្លាប់ស្រលាញ់គាំទ្រលោកពេញចិត្តស្តូកតែម្តង។
បទទីមួយគឺបទ”អារម្មណ៍ខូចចិត្ត” បានបញ្ចេញជាMVយ៉ាងទាក់ទាញដោយការថតវីដេអូពីសហរដ្ឋអាមេរិកផ្ទាល់តែម្តងនារដូវធ្លាក់ព្រិល ហើយបាននាំអារម្មណ៍អ្នកទស្សនាឲ្យកាន់តែជាក់រងារកាយលាយនឹងអារម្មណ៍រងារចិត្តទៅតាមអត្ថន័យនៃបទចម្រៀងផងដែរ។ បទចម្រៀងនេះមានការចែករំលែក និងការស្វាគមន៍វត្តមានតារាចម្រៀងរូបនេះជាច្រើនផងដែរ។ ស្នាដៃបទច្រៀងទី២ទើបនឹងបញ្ចេញបានប៉ុន្មានថ្ងៃចុងក្រោយនេះក៏ទទួលបានការគាំទ្រច្រើនគួរសមផងដែរគឺបទ”ពេលអូនយំពេលបងដើរចេញ” ដែលរួមមានទាំងការសម្តែងរបស់ លោក សេន រ៉ានុតផ្ទាល់ផងដែរ។ អ្នកគាំទ្រសរសើរថាលោកមានទឹកដមសំនៀងពិរោះមិនប្រែ ខណៈដែលវ័យក៏មិនជ្រេតាមតួលេខឡើយ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រលោកបានលើកទឹកចិត្តនិងស្នើឲ្យលោកនៅតែបន្តការងារសិល្បៈដើម្បីបន្តបម្រើការកម្សាន្តរបស់ទស្សនិកជន។

គួរបញ្ជាក់ដែរថា តារាចម្រៀងប្រុសស្រស់សង្ហា លោក សេន រ៉ានុត បានបាត់មុខពីវិស័យសិល្បៈច្រើនជាង១ទសវត្សរ៍កន្លងមកហើយពិសេសក្រោយពីលោកចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក។ កន្លងមកលោកធ្លាប់ច្រៀងឲ្យផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម SM ផលិតកម្ម Nice Star ជាដើម។ បទល្បីរបស់លោករួមមាន បទ «មនុស្សចិត្តអមនុស្ស» «ចិត្តស្រល់» «កំផែងវណ្ណៈ» បទ «បងសុំក្រពើមួយ!» «ទ្វារមុខមិនហ៊ាន» «អត់ដដែល» និងបទ«ចិត្តខ្លែង»ជាដើម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print