មេដឹកនាំរុស្ស៉ី​ និងមេដឹកនាំថ្មីរបស់អាមេរិក​ ជជែក​គ្នា​ជា​លើកដំបូង​ដោយ​ផ្តោតលើ​នុយក្លេអ៊ែរ សិទ្ធិមនុស្ស និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ

ចែករំលែក៖

អន្តរជាតិ៖​ លោក​ ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិកជាប់ឆ្នោតថ្មី នៅ​ថ្ងៃទី​២៦ ខែមករា​ ឆ្នាំ២០២១​ ​បាន​សន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​ ជាលើកដំបូង​ បានលើកឡើងពី​បញ្ហា​រសើបៗ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដូចជា​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ សន្តិសុខ​អ៉ីនធេីណេត និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ មិនតែប៉ុណ្ណោះលោក​ ចូ បៃ​ឌិន ក៏​មិន​ភ្លេច​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី និង​ការចាប់ខ្លួនលោក Alexi Navalny​ ​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ផងដែរ​។​

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ​បានចុះផ្សាយថា​ កិច្ចសន្ទនា​តាម​ទូរ​ស័ព្ទ​រវាង​ប្រធានាធិបតី ចូ បៃ​ឌិន និង​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀពូ​ទីន ធ្វើឡើង​តាម​សំណើរ​របស់​ភាគី​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​។ ប៉ុន្តែ​អាមេរិក​បាន​ពន្យារពេល​កិច្ចសន្ទនា​នេះ ដើម្បី​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ជាមុនសិន​។​

​លោក​ ចូ បៃ​ឌិន ក៏​លើកឡើង​ផងដែរ​ពី​ការវាយប្រហារ​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេត​សំដៅ​ក្រសួង និង​ទីភ្នាក់ងារ​សហព័ន្ធ​រប​ស់​អាមេរិក ដែលជា​ប​ញ្ហ​ក្ដៅ​។ លទ្ធផល​នៃ​ការស៊ើបអង្កេត​បឋមរ​បស់​សភា និង​អាជ្ញាធរ​សហព័ន្ធ​បង្ហាញថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ប្រហារ​នេះ ព្រោះ​ការវាយប្រហារ​នេះ​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​មានតែ​រដ្ឋ​ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​បែប​នេះ​។ លោក បៃ​ឌិន ក៏​លើកឡើង​ពី​ការសង្ស័យ​ដែល​រុស្ស៊ី​បន្ត​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០ និង​របាយការណ៍​ដែល​បង្ហាញថា រដ្ឋាភិបាល​រុស្ស៊ី​ផ្តល់ប្រាក់​ដល់​ក្រុម​ឧទ្ទាម ដើម្បី​បាញ់សម្លាប់​ទាហាន​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

ចំពោះបញ្ហា​ចម្បង និង​បន្ទាន់​បំផុត​រវាង​រុស្ស៊ី និង​អាមេរិក គឺ​ការបន្ត​ឡើងវិញ​សន្ធិសញ្ញា New START ដែល​នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​៥ខែកុម្ភៈ​។ ជាក់ស្តែងសន្ធិសញ្ញា​នេះ​ មានបំណង​ក្នុងការ​កំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​បំផុត​ត្រឹម ១,៥៥០​គ្រាប់​សម្រាប់​ភាគី​នីមួយៗ​។លើ​បញ្ហា​នេះ លោក ពូ​ទីន និង​លោក​បៃ​ឌិន យល់ស្រប​ពី​ភាពចាំបាច់​ក្នុងការ​ធ្វើការ​រួមគ្នា​ជាបន្ទាន់ ដើម្បី​បន្ត​កិច្ចព្រមព្រៀង​នេះ​ប្រាំ​ឆ្នាំ​ទៀត​។សេចក្តីថ្លែងការណ៍​រប​ស់​វិមាន​ក្រេ​ម​ឡាំង​ក្រោយ​ការសន្ទនា អះអាងថា ប្រមុខរដ្ឋ​រុស្ស៊ី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ទៅ​សភា​ដើម្បី​អនុម័ត​ការពន្យារ​សន្ធិសញ្ញា New START នេះ​។

​ជាមួយគ្នានេះ​ លោក បៃ​ឌិន​ ក៏បានលើកឡើងពីបញ្ហា​នៅក្នុងស្រុក​រុស្ស៊ី ផងដែរ​។ មិនតែប៉ុណ្ណោះ​ ប្រធានាធីបតីអាមេរិករូបនេះ លើកឡើង​ពី​ការចាប់ខ្លួន​អ្នកនយោបាយ​ប្រឆាំង Alexi Navalny ដែល​រង​ការបំពុល​ដោយសារ​ធាតុគីមី​កាលពី​ឆ្នាំ​២០២០ និង​ត្រូវ​រដ្ឋាភិបាល​រុស្ស៊ី​ចាប់ខ្លួន​នាពេល​ថ្មីៗ​នេះ​។ បន្ថែម​ពីនេះ លោក​បៃ​ឌិន ចុច​ចំ​បញ្ហា​សិទ្ធិមនុស្ស​ទាក់ទង​ការចាប់ខ្លួន​អ្នកគាំទ្រ​លោក Navalny ចំនួន​៣,៧០០​នាក់ បន្ទាប់​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី នៅ​ថ្ងៃទី​២៣ មករា​។ លោក បៃ​ឌិន ទទូច​ឱ្យ​លោកពូ​ទីន​គោរព​សិទ្ធិ​បញ្ចេញមតិ​ដោយ​សន្តិវិធី​របស់​បាតុករ​។​

​សូមជម្រាបដែរថា​ ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​ជា​ចំណុចក្តៅ​នៃ​ការពិភាក្សា​ដែរ​។ រុស្ស៊ី​បាន​ផ្តាច់​យក​ឧបទ្វីប​គ្រី​មេ ដែលជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែ​ន​មកកាន់​កាប់​។ រុស្ស៊ី​ក៏បាន​គាំទ្រ​ក្រុម​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​ប្រឆាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ផងដែរ​។ លោក បៃ​ឌិន ប្រា​ប់លោក ពូ​ទីន ថា អាមេរិក​គាំទ្រ​យ៉ាង​មុតមាំ​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន ប្រឈម​ទៅនឹង​ការបន្ត​ឈ្លានពាន​ដោយ​រុស្ស៊ី​។ នេះ​យោងតាម​លោកស្រី​Jen Paski អ្នកនាំពាក្យ​សេត​វិមាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៦ ខែមករា​។​

​គួរបញ្ជាក់ថា​ បើទោះបីជា​បញ្ហា​ក្តៅ​មួយចំនួន​ត្រូវបាន​លើកឡើង​មែន សេចក្តីថ្លែងការណ៍​វិមាន​ក្រឹម​ឡាំង អះអាងថា​លោក ពូ​ទីន លើកឡើង​ពី​ការសម្រួល​ទំនាក់ទំនង ដើម្បី​សម្រេចបាន​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។ វិមាន​ក្រឹម​ឡាំង អះអាងថា អាមេរិក និង​រុស្ស៊ី​មានការ​ទទួលខុសត្រូវ​ពិសេស​ក្នុង​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​ពិភពលោក​៕ដោយ៖ស​ តារា

...

រូបភាព៖ឯកសារ​ កាលពីឆ្នាំ២០១១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print