ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពលករខ្មែរ ៦នាក់ និងទារិកាម្នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៉ី នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១នេះ ជួយធ្វេីអន្តរាគមន៍ឲ្យបានធ្វើមាតុភូមិនិវត្តន៍វិញ។
រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បន្តថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣៥នាទីល្ងាច។
បច្ចុប្បន្ននេះ ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៉ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់មន្រ្តីជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផងដែរ៕ដោយ៖ស តារា