ខេត្តសៀមរាប,នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បួងសួងនៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ក្នុងទឹកដីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី បានបួងសួង សូមឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ក្រោមការងដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងសូមឱ្យកម្ពុជាចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងយាយីពិភពលោកទាំងមូល។
សូមជម្រាបជូនថាបុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត តាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕
ដោយ, សិលា