ខេត្តសៀមរាប៖ រថយន្តម៉ាក់Ford Ranger ស៊េរីទំនើបមួយគ្រឿង ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២AP ៦៥២១ ខណៈម្ចាស់រថយន្តបើកបរក្នុងសភាពស្រវឹងយ៉ាងលឿនបណ្ដាលឲ្យបែកកង់ជ្រុលទៅបុកចូលផ្ទះលក់ខោអាវចំនួន២តូបជាប់គ្នាទាំងយប់ ធ្វើឲ្យបុរសម្នាក់ ជាប្តីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងរបួសធ្ងន់២នាក់ ម្តាយនិងកូន។ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ក្រោយកេីតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ ២៦៥F ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
បើតាមមន្រ្តីនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបានធ្វេីឲ្យមនុស្ស៣នាក់ប្តីប្រពន្ធនិងកូនរងរបួសធ្ងន់។ ប៉ុន្តែអកុសលបុរសជាប្ដីបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកប្រពន្ធ និងកូន បានរងរបួសធ្ងន់ ខណៈ កំពុងលក់ខោអាវត្រូវបានរថយន្តទំនើបមួយគ្រឿងបុកចូលផ្ទះ ។
មន្រ្តីនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបង្កហេតុម៉ាក់Ford Ranger ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២AP ៦៥២១ បើកបរមានទិសដៅពីខាងលិចទៅខាងកើតបានរ៉េចង្កូត ចូលតូបលក់ខោអាវ ចំនួន២ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តហ្វដ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ច បន្តថា អ្នកបើកបររថយន្តបង្កឈ្មោះ ពៅ ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ចំណែកម្ចាស់តូបលក់ខោអាវ ទី១-ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មិនមានរបួសនោះទេ ។ ម្ចាស់តូបទី២– នៅជាប់គ្នា តូបទី១ បណ្តាលឲ្យរបួសធ្ងន់ចំនួន៣នាក់ ។ ដោយ១.ឈ្មោះ ស៊ីន គាន ភេទប្រុស អាយុ៤១ឆ្នាំ របួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាប (ស្លាប់) ត្រូវជាប្តី ។ ២.ឈ្មោះ ថន រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់ (ប្រពន្ធ) ។ ៣.គាន កាក់ការ ភេទស្រី អាយុ០៩ឆ្មាំរបួសធ្ងន់(ធ្ងន់)កូន ។
បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដោយសាររថយន្តបង្កបើកលឿនបែកកង់ បណ្តាលឲ្យរេចង្កូតបុកចូលផ្ទះទាំងកំរោលនោះតែម្ដង ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរបានចុះទៅដល់ កន្លែងកើតហេតុ ព្រមទាំងធ្វើការវាស់វែងតាមជំនាញ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក ត្រូវបាននាំយកមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំការដោះស្រាយ។
បច្ចុប្បន្នជនរងគ្រោះ២នាក់ម្តាយ និងកូនរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ដោយ៖សហការី