ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបាន អំពាវនាវឲ្យឧកញ៉ាសុខ ប៊ុនចេញមកបង្ហញ ខ្លួននៅ ចំពោះមុខតុលាការឲ្យបាន ឆាប់ដើម្បីទទួលខុស ត្រូវចំពោះអំពើហិង្សាដែលខ្លួន បានប្រព្រឹត្តទៅលើកញ្ញាសាសា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ។ ការអំពាវនាវនេះស្របពេលដែលរឿងរ៉ាវវាយសម្រាតសម្លៀកបំពាក់យ៉ាងព្រៃផ្សៃរបស់លោកឧកញ៉ា សុខ ប៊ុនចំពោះសាសាបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។
ការអំពាវនាវនេះត្រូវបានថ្លែង ក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគេនសញ្ញាបត្រ ដល់សាមណនិស្សិតសាកលវិទ្យាល័យព្រះសីហនុរាជ្យនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ។សម្ដេចតេជោ អំពាវនាវ ចំពោះលោកសុខ ប៊ុន ដែលបានប្រើអំពើ ហិង្សាដ៏ឃោរឃៅ ទៅលើអតីតពិធីការិនី ឯក សុជាតា ហៅសាសា ឱ្យចេញមុខដោះ ស្រាយតាមផ្លូវច្បាប់ ដែលសម្ដេចបានចាត់ ទុកថា ទង្វើដែលសុខ ប៊ុន បានធ្វើ វាជាឃោរឃៅព្រៃផ្សៃ ។សម្ដេច តេជោ បានមានប្រសាសន៍ថា “ ផ្ញើជូនក្រុមគ្រួសារ ដែលមានការឈឺចាប់ ចំពោះបញ្ហានេះ ហើយ សូមឱ្យលោកសុខ ប៊ុន ចេញមុខឱ្យទាន់ឱ្យលឿន ទៅកាន់ តុលាការ ថានឹងចេញ ក្នុងពេលឆាប់ៗ អាឆាប់ៗហ្នឹង ប៉ុន្មានថ្ងៃទៀត អី ប្រយ័ត្នជាប់ខ្នោះ អាហ្នឹងស្ថានទម្ងន់កាន់តែធ្ងន់ បើយើងប្រកាសថា យើងបានវៃហើយ យើងប្រកាសអីចេះអីចុះរួច ចុះបើប្រកាសទទួលស្គាល់អីចឹងហើយ មុននឹងក្រោយមកឱ្យ លឿន អាហ្នឹងជាប់ វាហួសហេតុពេកហើយ” ។ សម្តេចបានថ្លែងបញ្ជាក់ថា បើទោះបីជាកញ្ញាសាសា ព្រមសម្របសម្រួលនៅក្រៅព្រព័ន្ធតុលាការយ៉ាងណាក៏ដោយក៏មិនអាចបញ្ចប់បញ្ហានេះបានដែរ ព្រោះនេះជារឿងព្រហ្មទណ្ឌ ។ សម្តេចបាន បញ្ជាក់ទៀតថា សម្តេចនឹងមិនលើកលែងចំពោះអ្នកមានអំណាចដែលកំពុងរត់ការណ៍ដើម្បីបញ្ចប់ រឿងករណីអំពើហិង្សាចំពោះស្រីទន់ខ្សោយនេះឡើយ ។
ជុំវិញការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន អតីតពិធីការិនីសាសា បានបញ្ជាក់ថា នាងពិតជាមានអារម្មណ៍រំភើបរីយរាយ សប្បាយ និងកក់ក្តៅដែលក្នុងនាមជាប្រជាពលរដ្ឋមួយរូបទទួលបានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលដែលប្រកាសឲ្យរកយុត្តិធម៌សម្រាប់នាងនិងគ្រួសារ។នាងចាត់ទុកថា ការអំពាវនាវឲ្យលោកសុខ ប៊ុន ចូលខ្លួនមកដោះស្រាយនេះនឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាពិតជាមានទំនុកចិត្តចំពោះប្រព័ន្ធផ្លូវច្បាប់ ដែលអ្នកមានអំណាចមានបុណ្យស័ក្កិមិនអាចប្រមាថ មើលងាយរំលោភបំពានអ្នកតូចទាបបាននោះឡើយ។ សាសាបញ្ជាក់ដែរថារហូតបកដល់ពេលនេះតទៅគឺនឹងមិនមានការសម្របសម្រួលក្រៅផ្លូវការណាមួយនោះទេហើយនាងនៅតែជឿជាក់ថាតុលាការពិតជាផ្តល់យុត្តិធម៌សម្រាប់នាងនិងគ្រួសារនៅពេលឆាប់ៗខាងមុខនេះ។ ប្រភពក្រៅផ្លូវការបញ្ជាក់ដែរពេលនេះ លោកសុខ ប៊ុន ត្រូវបានគេដឹងថា ទំនងជា កំពុងស្ថិតនៅប្រទេសសឹង្ហបុរី ហើយលោកនឹងចូលខ្លួនមកតុលាការនៅពេលខាងមុខ បន្ទាប់ពីកញ្ញា សាសា បានបដិសេធ ទទួលសំណងចំនួន១០ម៉ឺនដុល្លារ ។នេះជាលើកទី២ហើយ ដែលថ្នាក់ដឹកនាំ កំពូលរដ្ឋាភិបាលបានព្រមាន ចំពោះលោកសុខ ប៊ុន បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យនគរបាលចាប់ខ្លួន ចំពោះការប្រព្រឹត្ដបទល្មើសរបស់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ៕ វឌ្ឍនា