ខេត្តសៀមរាប៖ វក់នឹងស្នេហ៍ភ្លើតភ្លើន ភ្លក់ម្ហូបក្រៅផ្ទះ ដល់ថ្នាក់ឈ្លក់ក្បត់ភរិយា ទីបំផុត ! តុលាការខេត្តសៀមរាប នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា រយៈពេល៦ខែ តែទោសនេះ ត្រូវព្យួរ ពោលគឺ ជនជាប់ចោទ ត្រូវដោះលែងអោយមានសេរីភាព ឡេីងវិញ ។ នេះបេីតាមប្រភពព័ត៌មានដែល អង្គភាព”នគរដ្រេហ្គន” ទទួលបាននៅយប់ មុននេះបន្តិច ថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប , កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់ នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់ ។ ក្រោយមក ដោយមានការឯកភាពលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះ វិញ ។
សមត្ថកិច្ច អះអាងថា ការឈានដល់ការបង្ក្រាបនេះ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់របស់លោក ហៀក ចាន់លាង ។
ករណីនេះ ប្រហែលជាភរិយាទ្រាំលែងបាន ខណ: អ្នកទាំង២ មានមុខ មានមាត់ មានកិត្តិយស ខ្សែធំផងដែរ ប៉ុន្តែចុងក្រោយ អោយខាងលោកប្តីភ្លឺភ្នែក ហើយក៏ជាមេរៀនដល់លោកប្តីចូលចិត្ត ជញ្ជក់នារីក្មេង ភ្លេចប្រពន្ធ កូន ផងដែរ៕
ដោយ, សុខ ខេមរា