លោកចោរជំនាញខាងចាក់ឆ្នោត! លើកក្រោយស្ដាប់លទ្ធផលឆ្នោតសិន រួចចាំចេញប្លន់​

ចែករំលែក៖

អន្តរជាតិ៖​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thairath​ របស់ប្រទេសថៃ​ បាននិយាយថា​ ចោរប្លន់មានចិត្តក្លាហានម្នាក់​ ហ៊ានដេីរចូលទៅប្លន់យកប្រាក់អស់ជាង ២ម៉ឺនដុល្លារ (៦សែនបាត) ពីធនាគារមួយកន្លែងនៅក្នុងប្រទេសថៃ ហើយបានដើរចេញពីធនាគារដោយសុវត្ថិភាព។  ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើរបំផុតនោះគឺថា ក្រោយពេលប៉ូលីសធ្វើការស៊ើបអង្កេត និងរឹបអូសបានវត្ថុតាងរបស់ចោរនោះ ទើបដឹងថា ចោរនោះមានសំណាងត្រូវឆ្នោតទឹកប្រាក់រង្វាន់ ១សែនបាត ដែលបានប្រកាសលទ្ធផលឆ្នោតនៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១។

សារព័ត៍មាន Thairath​ បន្តថា​ ករណីចោរ​ប្លន់ខាងលេីនេះ​ បានកើតឡើងនៅម៉ោង ១០ និង៣០នាទីព្រឹក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១​ ហើយចំពោះទីតាំងកើតហេតុវិញ គឺនៅធនាគារ Krung Thai Bank ដែលមានសាខានៅក្នុងផ្សារទំនើប Bang Kapi ក្នុងទីក្រុងបាងកកប្រទេសថៃ។

បន្ទាប់ពីកេីតហេតុ​ កម្លាំងប៉ូលីសបានចុះទៅដល់កន្លែងកេីតហេតុ​ ក៏បានបេីកមេរ៉ាសុវត្ថិភាព​ បានបង្ហាញថា លោកចោររូបនោះគឺជាបុរសដែលមានអាយុប្រហែលជា ២៧–២៨ឆ្នាំ ស្លៀកពាក់ខោអាវពណ៌ខ្មៅ និងប្រើកាំភ្លើងខ្លីមួយដើម​ ដោយបានធ្វើសកម្មភាពតែម្នាក់ឯង ហើយមិនបានប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអ្វីមួយ សម្រាប់ធ្វើជាមធ្យោបាយពេលមកធ្វើសកម្មភាពប្លន់នោះទេ។

គួរបញ្ជាក់ថា​ ក្រោយធ្វេីការស៊ើអង្កេតរួច មន្ត្រីប៉ូលីស​ ក៏បានស្រាវជ្រាវចាប់ខ្លួនចោរវ័យក្មេងខាងលេីនេះ​ ដែលជាចោរមានសំណាងម្នាក់ត្រូវឆ្នោត និងរឹបអូសវត្ថុតាងជាច្រើន ហើយតាមរយៈវត្ថុតាងទាំងនោះគេឃើញថា ចោរនោះក៏បានលេងឆ្នោតផ្សងសំណាងផងដែរ។

ដោយឡែកបើតាមការចុះផ្សាយរបស់ Thai TV Social បានបញ្ជាក់ថា ចោរនោះគឺជាអ្នកមានសំណាងត្រូវលេខឆ្នោត ២ ខ្ទង់ចុងក្រោយដែលត្រូវបានគេប្រកាសលទ្ធផលនៅថ្ងៃទី១​ ខែកុម្ភៈម្សិលមិញនេះ ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលលោកចោរមិនទាន់បានស្ដាប់លទ្ធផលឆ្នោតផង ក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានមុន។ ចំណែកមហាជនឯណ្ណោះវិញ​ បាននិយាយបែបលេងសើចថា «លើកក្រោយស្ដាប់លទ្ធផលឆ្នោតសិន រួចចាំចេញប្លន់»៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print