អន្តរជាតិ៖ បើតាមការបញ្ជាក់របស់អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ប្រសិនគ្មានការប្រែប្រួលទេ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១នេះ ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា និងវិធានការឆ្លើយតបលើក្រុមយោធា។
ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈ ចំពោះការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំមីយ៉ាន៉ម៉ា តាមរយៈរដ្ឋប្រហារយោធា បានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិមកលើក្រុមយោធា។ ខណៈសហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និងប្រទេសផ្សេងទៀត សុទ្ធជំរុញឱ្យយោធាផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៊ីវិល។
ចំណែកចក្រភពអង់គ្លេស ដែលជាអតីតម្ចាស់អាណានិគមលើមីយ៉ាន់ម៉ា បានរិះគន់ក្រុមយោធា ដែលបានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជីនិងអ្នកនយោបាយផ្សេងទៀត។ ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិ ក្នុងខែកុម្ភៈ លោកស្រី Barbara Woodward អគ្គរាជទូតចក្រភពអង់គ្លេស បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ នឹងជាកិច្ចប្រជុំបិទទ្វារ និងធ្វើឡើងតាមប្រព័ន្ធវីដេអូ។
លោកស្រី Woodward ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖«រឿងដែលសំខាន់បំផុត គឺក្រុមប្រឹក្សាសន្តិសុខនឹងឆ្លើយតបលើការធ្វើរដ្ឋប្រហារយោធា និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីជួយអ្នកដែលត្រូវបានឃុំខ្លួន ឱ្យយោធាដោះលែងវិញ»។ បន្ថែមពីនេះលោកស្រីWoodward បញ្ជាក់ថា កិច្ចប្រជុំនេះ ក៏ជជែកពីវិធានការ ដែលជំរុញឱ្យមីយ៉ាន់ម៉ា បកទៅដើរលើផ្លូវប្រជាធិបតេយ្យវិញដែរ។
ជាមួយគ្នានេះទាក់ទិននឹងវិធានការឆ្លើយតបលើក្រុមយោធា ប្រេសិតរបស់ចក្រអង់គ្លេសរូបនេះ អះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹងពិនិត្យមើលវិធានការមួយចំនួនផងដែរ។ ប៉ុន្តែ លោកស្រី Woodward ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ លោកស្រី មិនទាន់មានគំនិតជាក់លាក់ណាមួយលើវិធានការ ដើម្បីឆ្លើយនឹងស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាឡើយ។
ដោយឡែកអ្នកនាំពាក្យប្រតិភូតំណាងចិននៅអង្គការសហប្រជាជាតិវិញ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ចិនសង្ឃឹមថាក្រុមប្រឹក្សាសន្តិសុខ នឹងជួយឱ្យស្ថានការណ៍មីយ៉ាន់ម៉ាមានស្ថិរភាព ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេ ថាតើក្រុមប្រឹក្សាសន្តិសុខ អាចឈានដល់ការប្រកាសដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ាឬអត់ឡើយ។
គួរបញ្ជាក់ផងដែរថា កន្លងមក នៅក្នុងវិបត្តិរ៉ូហ៊ីងយ៉ា ចិន បានប្រើសិទ្ធិវ៉េតូរបស់ខ្លួនជាច្រើនលើក ដើម្បីជំទាស់នឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើមីយ៉ាន់ម៉ាផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ