ក្នុង១ឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ធ្វើអោយកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិជាង ៣០០លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញៈ តាមការសិក្សារបស់អ្នកឯកទេសជាតិ អន្តរជាតិឃើញថា គ្រោះថ្នាក់​ចរាចរ​បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់សេដ្ឋកិច្ចជាតិរហូត ជាង៣០០លានដុល្លារក្នុងមួយ ឆ្នាំៗ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការនិងដឹកជញ្ជូនបានលើកឡើងក្នុងវេទិកាថ្នាក់និពន្ធនាយកសារព័ត៌មានស្តីពី រួមគ្នាជំរុញការពាក់មួកសុវត្ថិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥នេះ។
លោកស្រី មឹន មាណវី ថ្លែងថាការខាតបង់នេះគឺជាចំនួនដ៏ធំធេងមួយស្ថិតក្នុង​កាលទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងការពង្រឹងកសាងកែលម្អ និងអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីកាត់បន្ថយទុក្ខលំបាកនិងភាពក្រីក្ររបស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលយើងអាចប៉ាន់ប្រមាណបានថាបរិមាណទឹកប្រាក់ ដែលខាតបង់នេះ អាចយកមក កសាង និងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច ជាតិនិងសេដ្ឋកិច្ចគ្រួសារ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរគឺជាប្រធានបទដ៏ក្តៅគគុកនិងជាការយកចិត្តទុកដាក់ខ្ពស់និងជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសារតែគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្ននៅតែបានបង្កឲ្យមនុស្សស្លាប់និងរបួសពិការនិងការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងឯកជនជារៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៤ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះ​ថ្នាក់ចរាចរផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថា មានជនរងគ្រោះសរុបដល់ទៅ​ចំនួន១៥.៣១៥​នាក់ ដែលក្នុងនោះបាត់បង់ជីវិតដល់ទៅ២.២២៦នាក់និងរងរបួសធ្ងន់ចំនួន៦.០០៥​នាក់​គិតជាមធ្យមចំនួនអ្នកស្លាប់ជាង៦នាក់និងរបួសធ្ងន់១៧នាក់ក្នុងមួយថ្ងៃ។កត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីកត្តាមនុស្ស៩៥ភាគរយការបើកបរហួសល្បឿនកំណត់មាន ៤៤ភាគរយ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមាន១៧ភាគរយ។ លោកស្រី មឹន មាណវីក៏បានស្នើឲ្យអ្នកសារព័ត៌មានចូលរួមសកម្មក្នុងការផ្សព្វផ្សាយនូវបញ្ហាខាងលើនេះឲ្យប្រជាជន យើងបានដឹងថា ជាពិសេសអ្នកប្រើប្រាស់ ផ្លូវទាំងឡាយបានដឹង និងអាចចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរលើដងផ្លូវ ដូចប្រសាសន៍របស់​សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ និងថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានអញ្ជើញជាអធិបតីក្នុងវេទិកា​ថ្នាក់និពន្ធនាយកសារព័ត៌មានស្តីពីរួមគ្នាជំរុញការពាក់មួយសុវត្ថិភាពនៅកម្ពុជាបានផ្តល់ជាអនុសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នកអំពីប្រធានបទសុវត្ថិភាព​ចរាចរណ៍​ឲ្យបានជាប់លាប់គឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងការជួយផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្តរបស់ប្រទេសកម្ពុជាជាពិសេសក្នុងចំណោមកុមារដែលជាទីស្រឡាញ់របស់យើង។ ប្រសិនបើលោកអ្នកបន្តធ្វើការ រាយការណ៍ លើបញ្ហាប្រឈមដ៏ចម្បងនេះ លោកអ្នកពិតជាអាចជួយសង្គ្រោះជីវិត មនុស្ស​បានយ៉ាងច្រើន៕ វឌ្ឍនា

20150716-134308.jpg

...

20150716-134304.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print